ភ្នំពេញ ៖ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៤ ដល់ ២៩ ខែកញ្ញា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសបានកើតឡើងចំនួន ១៩៩លើក ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ១១០នាក់ និងរងរបួសធ្ងន់ស្រាល ២៧៤នាក់។ ក្រៅពីបណ្តាលឲ្យមនុស្សស្លាប់ និងរបួសដ៏ច្រើននេះ ក៏បានបង្កឲ្យខូចខាតម៉ូតូ និងរថយន្ដជាច្រើនគ្រឿងទៀតផង។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
តាមរបាយការណ៍របស់ប៉ូលីសបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿនមិនគោរពសិទ្ធិ មិនប្រកាន់ស្ដាំប្រជែង បត់គ្រោះថ្នាក់ និងស្រវឹង៕