សម្តេចប្រមុខរដ្ឋស្តីទី ទទួលសារតាំងពីឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា

ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ បានអនុញ្ញាតឱ្យលោក Christian Berger ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

មានប្រសាសន៍ក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានសម្តែងការអប អរសាទរ និង ស្វា គមន៍ចំពោះ ឯកឧត្តម Christian Berger ដែលឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តែងតាំងឯកឧត្តមជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោកChristian Berger ឯកអគ្គរដ្ឋទូតតែងតាំងថ្មី បានថ្លែងអំណរ គុណ ចំពោះសម្តេចប្រមុខរដ្ឋស្តីទី ដែលបានចំណាយ ពេល វេលា ដ៏មានតម្លៃអនុញ្ញា ត ឱ្យ លោកបានចូលជូន សារតាំង និងសម្តែងការ គួរ សមនាពេលនេះ។
លោកChristian Berger បានជម្រាបសម្តេចប្រមុខរដ្ឋស្តីទីថា ឯកឧត្តមធ្លាប់បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា កាលពីឆ្នាំ១៩៩១ ដែលពេលនោះ ប្រទេសកម្ពុជានៅជួបបញ្ហាលំបាកជាច្រើន ហើយប្រៀបដូចជាកូនដើមឈើមួយដើមដែលកំពុងប្រឹងរស់។ តែក្រោយរយៈពេល២០ឆ្នាំកន្លងទៅ និងនៅពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។

លោកឯកអគ្គរាជទូតបានបញ្ជាក់ថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជានឹងខិតខំរួមចំណែកធ្វើឱ្យទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងរដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរ អាល្លឺម៉ង-កម្ពុជា កាន់តែល្អប្រសើរថែមទៀត ជាពិសេសអាល្លឺម៉ង់ចង់ជួយឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍសេដ្ឋកិច្ចបន្តទៅមុខទៀត។ ទន្ទឹមនេះ ឯកឧត្តមក៏នឹងខិតខំជួយជំរុញឱ្យទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជាជាមួយនឹងសហគន៍អ៊ឺរ៉ុបឱ្យកាន់តែប្រសើឡើងដែរ។ ក្នុងន័យនេះ ឯកឧត្តមនឹងខិតខំប្រឹងប្រែងជួយដោះស្រាយរាល់បញ្ហាដែលអាចកើតមានរវាងប្រទេសកម្ពុជា និងសហគមន៍អ៊ឺរ៉ុបឱ្យបានល្អផងដែរ។

សម្តេចប្រមុខរដ្ឋស្តីទី បានថ្លែងអំណរគុណចំពោះប្រសាសន៍របស់លោកឯកអគ្គ រដ្ឋទូត ហើយតាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខ ដោយសេចក្តីគោរព និងសេចក្តីនឹករលឹកអំពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និងថ្នាក់ដឹកនាំកំពូលជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជូនឯកឧត្តមប្រធានាធិបតី និងថ្នាកដឹកនាំ កំពូលគ្រប់ លំដាប់ថ្នាក់ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

សម្តេចប្រមុខរដ្ឋស្តីទី មានជំនឿជាក់ថា ក្នុងឋានៈលោកជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា លោកមនឹងបន្តពូនជ្រុំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរឱ្យកាន់តែល្អប្រសើរឡើងថែមទៀត និងខិតខំជំរុញឱ្យមានការផ្លាស់ប្តូរទៅវិញទៅមកលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ទេសចរណ៍ អប់រំ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនឱ្យកាន់តែទូលំទូលាយ ដើម្បីនាំមកនូវប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
ជាមួយគ្នានេះ សម្តេច ប្រមុខរដ្ឋស្តីទីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារ ណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលបានជួយអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា តាមរយៈការផ្តល់ជំនួយជាច្រើនផ្នែកដល់ប្រទេសកម្ពុជាកន្លងមក ។

សម្តេចប្រមុខរដ្ឋស្តីទីបានបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង និងស្ថាប័ន ជាតិ ត្រៀមខ្លួនជានិច្ចដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងលោកឯកអគ្គរដ្ឋទូតដើម្បីលើកកម្ពស់ទំនាក់ទំនង និងមានផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ៕