ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា មានស្ថានទូតអាមេរិក និងសាលា West Point អាមេរិកប៉ុណ្ណោះ ដែលអាចបញ្ជាក់ថា សញ្ញាបត្ររបស់ លោក ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត ពិត រឺក្លែងក្លាយ។ សម្តេច បានបញ្ជាក់ប្រាប់ទៅលោក សម រង្ស៊ីថា ការមើលងាយចំពោះសមត្ថភាពរបស់កូនខ្មែរ និងប្រព័ន្ធអប់រំខ្មែរ គឺជាមើលងាយជាតិសាសន៏ខ្លួនឯង ហើយក៏ជាមើលស្រាលចំពោះសកម្មជនខ្លួនឯង ដែលបញ្ចប់ការសិក្សានៅកម្ពុជាដែរនោះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកអ្នកមើលងាយសមត្ថភាពយុវជនខ្មែរ គឺជាមើលងាយជាតិសាសន៏ខ្លួន និងឲ្យតម្លៃបរទេស ជ្រុលហួសហេតុ។ រឿងសញ្ញាបត្ររបស់លោក ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត នៅសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point មានតែស្ថានទូតអាមេរិក និងសាលា West Point ទេ អាចបញ្ជាក់ថា ជាសញ្ញាបត្រពិត រឺគ្រាន់តែសញ្ញាបត្រកិត្តិយសនោះ។ ការបញ្ជាក់របស់សម្តេចតេជោ នៅពេលនេះ គឺនៅក្រោយប្រតិកម្មរបស់កូនប្រុសច្បងរបស់សម្តេច ចំពោះការលើកឡើងដោយគ្មានមូលដ្ឋានពីសំណាក លោកសម រង្ស៊ី ដែលថាសញ្ញាបត្ររបស់បណ្ឌិត ហ៊ុន ម៉ាណែត នៅសាលាយោធាជើងគោកអាមេរិក ជាសញ្ញាបត្រក្លែងក្លាយ ជាសញ្ញាបត្រការទូតសម្រាប់ផ្តល់ឲ្យនិស្សិតយោធាបរទេសដើម្បីជាការលើកទឹកចិត្តតែប៉ុណ្ណោះ ហើយនិស្សិតបរទេសមិនបាច់ខំរៀនក៏បានចូលនិងបានជាប់ដោយងាយដែរ។
លោក សម រង្ស៊ី បាននិយាយជាសាធារណៈទៅកាន់អ្នកគាំទ្រគាត់នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៨ ខែកញ្ញា ២០១៩ ដែលបានលើកតម្កើនប្រព័ន្ធអប់រំស្រុកបារាំង និងលើកពីខ្លួនគាត់ដែលបានសិក្សានៅទីនោះ គាត់ក៏បានវាយប្រហារមើលងាយប្រព័ន្ធអប់រំនៅប្រទេសកម្ពុជា និងកូនប្រុសច្បងគឺ លោក ហ៊ុន ម៉ាណែត។ ភ្លាមៗ ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត ដែលជាមេបញ្ជាការកងទ័ពជើងគោក បានបបួលលោកសម រង្ស៊ីភ្នាល់ ដើម្បីការពារកិត្តិយសផ្ទាល់ខ្លួន។ ឯ.ឧ ហ៊ុន ម៉ាណែតថា បើសិនជាសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point មានការផ្ដល់សញ្ញាបត្រពីរប្រភេទដូចលោក សម រង្ស៊ី បានលើកនោះ ជាពិសេសគឺសញ្ញាបត្រប្រភេទ២ ដែលជាសញ្ញាបត្រក្លែងក្លាយ ឬការទូតដែលសាលាបណ្ឌិតសភាយោធា West Point ផ្តល់អោយនិស្សិតយោធាបរទេសនោះ ហើយបើការបណ្ដុះបណ្ដាលនៅសាលា West Point ពិតជាមានការបែងចែកស្តង់ដារខុសគ្នារវាងនិស្សិតយោធាបរទេស និងអាមេរិកមែននោះ ឯ.ឧ នឹងលាលែងតួនាទីទាំងអស់ ក្នុងកងកម្លាំងប្រដាប់អាវុធហើយធ្វើជាប្រជាជនស៊ីវិលជារៀងរហូត។
ប៉ុន្តែបើលោក សម រង្ស៊ី មិនអាចបង្ហាញថា សាលាWest Point មានសញ្ញាបត្រពីរប្រភេទដែលមានតម្លៃខុសគ្នា ដោយមួយប្រភេទមានតម្លៃពិតប្រាកដ សម្រាប់ផ្ដល់ដល់និស្សិត យោធាអាមេរិក និងមួយប្រភេទទៀតដែលជាសញ្ញាបត្រក្លែងក្លាយ ឬសញ្ញាបត្រការទូតសម្រាប់ ផ្តល់ដល់និស្សិតនាយទាហានបរទេស ហើយការអប់រំបណ្ដុះបណ្ដាលនិស្សិតយោធាបរទេសនិងនិស្សិតយោធាអាមេរិកមានស្តង់ដារខុសគ្នានៅ West Point នោះ ឯ.ឧ ហ៊ុន ម៉ាណែត សូមឲ្យលោក សម រង្ស៊ី លាឈប់ពីនយោបាយជារៀងរហូត៕