៩ខែដើមឆ្នាំនេះ ប្រទេសជប៉ុន បានផ្តល់ជំនួយជិត៦០លានដុល្លារដល់កម្ពុជា

ភ្នំពេញ ៖ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ បានគូសបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០១៩នេះ រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយសរុបជិត៦០លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជា។

ការគូសបញ្ជាក់យ៉ាងដូច្នេះ បានធ្វើឡើងនៅក្នុងពីធីចុះហត្ថលេខា លើលិខិតប្ដូរសារស្តីពី ការផ្តល់ហិរញ្ញប្បទាន រវាងលោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តម មីកាមី ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅទីស្តីការក្រសួងការបរទេស។

លោក ប្រាក់ សុខុន បានបញ្ជាក់ទៀតថា ពីដើមឆ្នាំ ដល់ចុងខែកញ្ញា កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន បានចុះហត្ថលេខា លើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្ដីពី ហិរញ្ញប្បទាន របស់ជប៉ុន ជាបន្ដបន្ទាប់ ចំនួន៣លើក ដែលលើកទី១ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ បានចុះហត្ថលេខាលើឯកសារ ស្ដីពី ហិរញ្ញប្បទានរបស់ជប៉ុន សរុបចំនួន៤,៩៣៩លានយ៉េន ស្មើនឹងប្រមាណ៤៣លានដុល្លារអាមេរិក ក្នុងនោះ ឥណទានសម្បទាន សម្រាប់អនុវត្ដគម្រោងកែលម្អ និងស្ដារប្រព័ន្ធស្រោចស្រប់ និងប្រព័ន្ធរំដោះទឹកភាគខាងលិច បឹងទន្លេសាប ជំហានទី២ និងហិរញ្ញប្បទានឥណសំណង់ សម្រាប់អនុវត្ដគម្រោងអភិវឌ្ឍន៍ ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអគ្គិសនី នៅកំពង់ផែ ដើម្បីធ្វើទំនើបកម្មកំពង់ផែ។

លើកទី២៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ដ្រីជប៉ុន ចុះហត្ថលេខា លើឯកសារ ស្ដីអំពី ការផ្ដល់ហិរញ្ញប្បទានឥតសំណង សរុប៥៣៩លានយ៉េន ស្មើនឹងប្រមាណ៥លានដុល្លារអាមេរិក សម្រាប់អនុវត្ដគម្រោង២ គឺគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស និងគម្រោងសាងសង់ឃ្លាំង នៅតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

លើកទី៣៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ចុះហត្ថលេខាលើឯកសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង់ ចំនួន៥០០លានយ៉េន ស្មើនឹងប្រមាណ ៤.៦លានដុល្លារអាមេរិក សម្រាប់ការផ្គប់ផ្គង់គ្រឿងចក្រ ជួសជុលផ្លូវថ្នល់នៅប្រទេសកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា រដ្ឋាភិបាលជប៉ុន មិនត្រឹមតែបានរួមចំណែកយ៉ាងសំខាន់ ដល់សន្ដិភាព និងស្ថេរភាពនៅកម្ពុជាប៉ុណ្ណោះទេ តែក៏បាននឹងកំពុងជួយទ្រទ្រង់យ៉ាងសកម្មដល់ការស្ដារ និងអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមផងដែរ។
សូមជម្រាបថា រដ្ឋាភិបាលជប៉ុន តាមរយៈឯកអគ្គរាជទូតរបស់ខ្លួនប្រចាំកម្ពុជា នៅថ្ងៃទី០៣ ខែតុលានេះ បានចុះហត្ថលេខាលើលិខិតប្ដូរសារ ស្តីពី ការផ្តល់ហិរញ្ញប្បទាន ឥតសំណង របស់ខ្លួន ដែលមានទឹកប្រាក់សរុប ២,៧៧៧លានយ៉េន ប្រមាណជា២៦លានដុល្លារអាម៉េរិក សម្រាប់អនុវត្តន៍គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ។

តាមរយៈហិរញ្ញប្បទានឥតសំណងនេះ ជប៉ុននឹងសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់មុននឹងបង្ហូរចូល ទៅក្នុងបឹងជើងឯង ភាគខាងត្បូង រាជធានីភ្នំពេញ។ ជំនួយរបស់ជប៉ុននេះ នឹងរួមចំណែកដ៏សំខាន់ ដល់ការធ្វើឲ្យប្រសើរឡើង នូវបរិស្ថានរស់នៅក្នុងប្រទេសកម្ពុជា៕