ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើទស្សនកិច្ចនៅវៀតណាម២ថ្ងៃ ផ្តោតលើពាណិជ្ជកម្ម និងព្រំដែន

ភ្នំពេញ ៖ តាមការគ្រោងទុក សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩នេះ ដែលអមដំណើរដោយមន្ត្រីជាន់ខ្ពស់សំខាន់ៗមួយចំនួន ក្នុងនោះក៏មានប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ផងដែរ។

តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម លើកនេះ អមដំណើរដោយរដ្ឋមន្ត្រីការបរទេស ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន រដ្ឋមន្ត្រីពាណិជ្ជកម្ម រដ្ឋមន្ត្រីរ៉ែ និងថាមពល ព្រមទាំងរដ្ឋមន្ត្រីទេសចរណ៍ រួមទាំងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងនោះ សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម នៅទីក្រុងហាណូយ នឹងចូលរួមជាអធិបតីភាពក្នុងសន្និសីទបូកសរុបការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន ដែលនឹងមានការចុះហត្ថលេខាលើឯកសារច្បាប់ ចំនួនពីរ ដើម្បីទទួលស្គាល់លទ្ធផលការងារខណ្ឌសីមាព្រំដែន ៨៤% ដែលសម្រេចបាន។

សូមជម្រាបថា នៅមុនការអញ្ជើញទៅកាន់ប្រទេសវៀតណាម នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ( BELTEI International University ) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជា និងវៀតណាម សម្រេចបោះបង្គោលខណ្ឌសីមា បាន ៨៤% រួចហើយ ដែលសម្តេច ទៅប្រទេសវៀតណាមនេះ នឹងចុះហត្ថលេខាទទួលយកសមិទ្ធផល ៨៤% នេះ៕