សម្តេច ហ៊ុន សែន ប្រាប់ប្រធានរដ្ឋវៀតណាមថា នឹងប្រឹងប្រែងបញ្ចប់ការបោះបង្គោលព្រំសីមា

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រាប់ប្រមុខរដ្ឋវៀតណាម លោក ង្វៀន ហ្វ៊ូជុង ថា នឹងប្រឹងប្រែងបញ្ចប់ការងារបោះបង្គោលព្រំសីមារវាងប្រទេសកម្ពុជា និងប្រវៀតណាម ឱ្យបានចប់សព្វគ្រប់ ក្នុងពេលសម្តេចនៅធ្វើជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញពីឆន្ទៈក្នុងការបោះបង្គោលព្រំដែន ជាមួយប្រទេស វៀតណាមឱ្យបានចប់សព្វគ្រប់ក្នុងពេលកាន់តំណែងជានាយករដ្ឋមន្ត្រី។ ការបញ្ជាក់នេះធ្វើឡើង ក្នុងពេលសម្តេចអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ង្វៀន ហ៊្វូជុង នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅល្ងាចថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ នេះ។

ពាក់ព័ន្ធការ បោះបង្គោលព្រំសីមាប្រទេសទាំងពីរនេះប្រមុខរដ្ឋវៀតណាម លោក ង្វៀន ហ៊្វូជុង បានសម្តែងការ ពេញចិត្តចំពោះលទ្ធផលទទួលបាន ក៏ដូចជាការឈានទៅចុះហត្ថលេខាទទួលស្គាល់ លើព្រំសីមា ដែលបានបោះរួចរាល់។ លោក ង្វៀន ហ៊្វូជុង ក៏បានជំរុញឱ្យប្រទេសទាំងពីរប្រឹងប្រែង បោះព្រំសីមា នៅសេសសល់១៦ភាគរយទៀត ឱ្យបានរួចរាល់ផងដែរ។ លោក ង្វៀន ហ៊្វូជុង បានគូសបញ្ជាក់ថា លោកបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះលទ្ធផលនៃជំនួបទ្វេភាគី ការធ្វើសន្និសីទព័ត៌មាន ក៏ដូចជាសន្និសីទកម្ពុជា-វៀតណាម ស្ដីពីការជំរុញវិនិយោគ និងពាណិជ្ជកម្ម។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកត់សម្គាល់ពីតួនាទីរបស់វៀតណាម ដែលកំពុងមានការលេច ធ្លោនៅក្នុងតំបន់ ក៏ដូចជាលើឆាកអន្តរជាតិក្នុងការដើរតួនាទីសម្របសម្រួល ឬដោះស្រាយបញ្ហា ផ្សេងៗ។ ពាក់ព័ន្ធបញ្ហាការអភិវឌ្ឍន៍សេដ្ឋកិច្ចវិញ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ជា ប្រទេសស្ថិតនៅកណ្តាលវៀតណាម និងថៃ។ ដូច្នេះការរីកចម្រើនរបស់វៀតណាម ក៏ដូចជាប្រទេស ថៃ ក៏នាំឱ្យកម្ពុជាមានការរីកចម្រើនផងដែរ។ សម្តេចតេជោ បានថ្លែងអំណរគុណវៀតណាម ដែល បានចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជា និងបានកៀរគរអ្នកវិនិយោគវៀតណាមមករកស៊ីនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅប្រមុខរដ្ឋវៀតណាម ឱ្យចាត់ទុកកម្ពុជា គឺជាមិត្តមួយដ៏ជិត ស្និទ្ធ និងស្មោះត្រង់ជាមួយវៀតណាម។ គួរបញ្ជាក់ដែថា កម្ពុជា និងវៀតណាម មានព្រំដែនគោក ជាមួយគ្នាប្រវែងប្រមាណ១,២៧០គីឡូម៉ែត្រ។ បច្ចុប្បន្នប្រទេសទាំងពីរ បានសម្រេចការងារបោះ បង្គោលព្រំសីមាបានប្រមាណ ៨៤ភាគរយហើយ នៅសល់តែ ១៦ភាគរយទៀតប៉ុណ្ណោះ៕