អាជ្ញាធរភ្នំពេញតម្រូវឲ្យម្ចាស់នាវាចរទេសចរណ៍បំពាក់ឧបករណ៍ការពារសុវត្ថិភាព

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានតម្រូវឲ្យម្ចាស់នាវាចរទេសចរណ៍ទំាងអស់ បំពាក់ឧបករណ៍ ការពារសុវត្ថិភាពឲ្យបានគ្រប់គ្រាន់ ដើម្បីធានាឲ្យភ្ញៀវមកកំសាន្តមានសុវត្ថិភាព និងភាពសប្បាយរីករាយ ហើយក៏បានកំណត់ឲ្យម្ចាស់ទូក កាណូតទេសចរណ៍ទំាងអស់ ដែលស្ថិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវតែរៀបចំជលយាន្តរបស់ខ្លួន ឲ្យបានត្រឹមត្រូវ ដោយមានបំពាក់ឧបករណ៍ការពារសុវត្ថិភាព ដូចជា ពោងសុវត្ថិភាព ឧបករណ៍ពន្លត់អគ្គិសភ័យ និងឧបករណ៍សម្រាប់ជួយសង្គ្រោះអ្នកដំណើរ ជាដើម។

ថ្លែងក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រង ទូក កាណូតទេសចរណ៍នៅរដ្ឋបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ការកំណត់ឱ្យម្ចាស់ ទូក កាណូតទេសចរណ៍ មានឧបករណ៍ការពារសុវត្ថិភាពនេះ គឺដើម្បីធ្វើយ៉ាងណាអោយអ្នកទេសចរណ៍ ដែលជិះទូកកម្សាន្ត មានភាពកក់ក្តៅ និងសប្បាយរីករាយមិនបារម្ភពីបញ្ហាគ្រោះថ្នាក់ណាមួយកើតឡើង។

​លោកអភិបាលក៏បានបញ្ជាក់ទៀតថា ក្រៅពីការកំណត់ ឲ្យបំពាក់ឧបករណ៍ សុវត្ថិភាពនេះ ម្ចាស់ជលយាន្តទេសចរណ៍ទំាងនោះ ក៏ត្រូវតែប្រមូលផ្តុំគ្នា នៅចំណតកំពង់ផែតែមួយ ដែលសាលារាជធានីភ្នំពេញ នឹងរៀបចំជូន ស្ថិតនៅបរិវេណច្រាំងទន្លេ នៃ សួនច្បារ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោកបន្ថែមថា ជាការរៀបចំការណូតទេសចរណ៍ ឲ្យមានសណ្តាប់ធ្នាប់ងាយស្រួលគ្រប់គ្រង ដែលមិនបង្កផលប៉ៈពាល់ ដល់ភ្ញៀវទេសចរ និងសណ្តាប់ធា្នប់សាធារណៈ។លោកក៏បានណែនាំដល់មន្ទីរទេសចរណ៍ ឱ្យពិនិត្យលើកិច្ចការងារនេះ ត្រូវលាបពណ៌យ៉ាងម៉េចអោយដូចគ្នា អ្នកបើកបរត្រូវមានជំនាញច្បាស់លាស់ ហើយមានការបញ្ជាក់ត្រឹមត្រូវ មិនត្រូវចេះតែអោយបើកទេពិសេសមានពោងសុវត្ថិភាព ឧបករណ៍ពន្លត់អគ្គិសភ័យ ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវ។

សូមបញ្ជាក់ថា ជាលទ្ធផល នៃអង្គប្រជុំ បានសម្រេចឲ្យមានចំណតបណ្ដោះអាសន្ននៅមុខសួនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( CDC ) ដែលតម្រូវឲ្យ ទូក កាណូត ដឹកភ្ញៀវទេសចរណ៍ទាំង៦២ទូក ត្រូវចូលមកចកតែមួយកន្លែង និងមាន ផែទូក កាណូតទេសចរណ៍នៅផ្សាររាត្រី សម្រាប់មកទទួលយកភ្ញៀវ ដែលមានបំណងជិះទូកកាណូតកម្សាន្ត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រងទូក កាណូត និងលើកកម្ពស់សោភណភាពរាជធានីភ្នំពេញ។

ជាការកត់សម្គាល់ បច្ចុបន្ននេះគេឃើញមានបងប្អូនម្ចាស់ទូក កាណូតមួយចំនួន បានទៅសំណតយ៉ាងអានាធិបតេយ្យ គ្មានសណ្តាប់ធ្នាប់ គ្មានរបៀបរៀបរយ អ្នកខ្លះទៅសំណតយកភ្ញៀវជិះកំសាន្ត រហូតដល់មុខព្រះបរមរាជវាំងក៏មាន ដែលការចតទូក កាណូត បែបនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់សណ្តាប់ធ្នាប់ និងសោភណ្ឌភាព រាជធានី ជាពិសេស តាមដងទន្លេមុខព្រះបរមរាជវាំងនៅពេលរាត្រី៕