សមាគមមួយស្នើសមត្ថកិច្ចបន្តបង្ក្រាបការលក់ដូរគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត

ភ្នំពេញ ៖ សមាគមអ្នកលក់គ្រឿងសំអាងកម្ពុជា បានបញ្ជាក់ថា ខ្លួននឹងសហការជាមួយក្រសួងសុខាភិបាល និងក្រសួងហាផ្ទៃ ដើម្បីផ្សព្វផ្សាយណែនាំអ្នកលក់គ្រឿងសំអាងទៅតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ គិតពីសុខភាពរបស់ប្រជាពលរដ្ឋជាចំបង។ លោកប្រធានសមាគម បានស្នើដល់សមត្ថកិច្ចជួយបង្ក្រាបការលក់ដូរគ្រឿងសំអាង ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ដែលបង្កគ្រោះថ្នាក់ដល់សុខភាព។

ប្រធានសមាគមអ្នកលក់គ្រឿងសំអាងកម្ពុជា លោក ស៊ីម មាស បានបញ្ជាក់ថា ការលក់គ្រឿងសំអាងនៅកម្ពុជា មានកើនឡើងច្រើនពិសេសនៅតាមប្រព័ន្ធអនឡាញ ដែលគ្រឿងសំអាងខ្លះ មិនបានចុះបញ្ជីរ មិនមានច្បាប់ត្រឹមត្រូវ ដែលភាគច្រើនជាប្រភេទឡេលាយដោយខ្លួនឯង។ ឡេដែលយកមក ឡាយឲ្យសក្នុងរយៈពេលខ្លី បានប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរដល់សុខភាពរបស់ប្រជាពលរដ្ឋ ថែមអាចបង្កឲ្យមានជំងឺមហារីក និងអាឡាកស៊ីស្បែក។ ការបញ្ជាក់របស់ប្រធានសមាគមនាពេលនេះ ធ្វើឡើងនៅក្នុងសន្និសីទស្តីពី សុខភាព និងគ្រឿងសំអាង ដែលធ្វើឡើងកាលពីចុងសប្តាហ៏កន្លងទៅនេះ។ លោកប្រធានសមាគមលើកទឹកចិត្តដល់អ្នកប្រើប្រាស់គ្រឿងសំអាង ត្រូវពិនិត្យមើលលិខិតអនុញ្ញាតរបស់គ្រឿងសំអាងឲ្យបានត្រឹមត្រូវពីក្រសួងសុខាភិបាល ដើម្បីធានាដល់សុខភាព។

លោកប្រធានសមាគមអ្នកលក់គ្រឿងសំអាងនៅកម្ពុជា បានបញ្ជាក់ដែរថា ការរៀបចំសន្និសីទនេះ ក្នុងគោលបំណងចូលរួមចំណែកក្នុងការថែរក្សាសុខុមាលភាព និងសុវត្ថិភាពអាយុជីវិតពលរដ្ឋកម្ពុជា។ ពិសេសក៏ជាការចងក្រងប្រមូលផ្តុំអ្នកលក់គ្រឿងសំអាង ហាងកែសម្ភស្ស ហាងអ៊ុតសក់ អ្នកលក់តាមអនឡាញ និងកន្លែងរក្សាសម្ភស្សទាំងអស់ ឲ្យបានយល់ពីផលប៉ះពាល់នៃផលិត ផលគ្រឿងសំអាង បើសិនមិនមានបទដ្ឋានត្រឹមត្រូវ។

លោក Chinakit Viphavakit នាយកក្រុមហ៊ុន ICVex ប្រទេសថៃ បានបញ្ជាក់ថា ក្រុមហ៊ុន និងសហការជាមួយសមាគមអ្នកលក់គ្រឿងសំអាងកម្ពុជា ដើម្បី រៀបចំពិពរណ៏អន្តរជាតិស្តីពីគ្រឿងសំអាងដ៏ធំមួយនៅឆ្នាំក្រោយនេះ ដើម្បីជា ឱកាសឲ្យសហគ្រិននៅកម្ពូជា និងបរទេសអាចស្វែងយល់ពីគ្នា លើការលក់ ផលិតផលគ្រឿងសំអាងប្រកបដោយសុវត្ថិភាព ដល់ប្រជាពលរដ្ឋ។

គួរកត់សំគាល់ថា គណៈកម្មការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានធ្វើការបង្ក្រាបជាញឹកញយគ្រឿងសំអាងដែលគ្មានប្រភពច្បាស់លាស់ គ្រឿង សំអាងដែលលាយដោយខ្លួនឯង យកទៅកម្ទេចចោល។ ផលិតផលគ្រឿងសំអាងមិនត្រឹមត្រូវ បង្កនូវហានិភ័យយ៉ាងខ្លាំងដល់សុខភាពអ្នកប្រើប្រាស់គួរឲ្យព្រួយបារម្ភ ដោយសារផលិតផលទាំងនេះមិនមានប្រភពច្បាស់លាស់ និងមិនមានការត្រួតពិនិត្យគុណភាពឲ្យបានត្រឹមត្រូវពីក្រសួង និងស្ថាប័នពាក់ព័ន្ធឡើយ។ ការប្រើប្រាស់ផលិតផលថែរក្សាសម្ផស្សមិនមានគុណភាព ឬក្លែងក្លាយ មិនត្រឹមតែបានបំផ្លាញសម្រស់អ្នកប្រើប៉ុណ្ណោះទេ តែថែមទាំងប៉ះពាល់ដល់សុខភាពស្បែក ហើយបង្កទៅជាជំងឺមហារីកស្បែក និងឈានទៅមានគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង៕
អួង សុភារុណ