បន្ទាយមានជ័យ ៖ ចម្ការឈូករ័ត្នមួយកន្លែងដែលមានផ្ទៃដីជាង១ហិកតា ស្ថិតក្នុងភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ត្រូវបានម្ចាស់ចំការដាំផ្កាឈូករ័ត្ននេះឡើងក្នុងគោលបំណងដើម្បីស្តារគុណភាពដីឱ្យមានជីវជាតិឡើងវិញ និងបានប្រែក្លាយជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយដ៏ទាក់ទាញប្រជាពលរដ្ឋរស់នៅក្បែរទល់ដែនកម្ពុជា-ថៃ នាំគ្នាមកលេងកម្សាន្ត និងថតផ្តិតយករូបភាពជាមួយផ្កាឈូករ័ត្នពណ៌លឿងដ៏ស្រស់ត្រកាលគួរឲ្យគយគន់ ដើម្បីទុកអនុស្សាវរីយ៍។
អ្នកនាង កេង សុចិន្តា ម្ចាស់ចំការផ្កាឈូករ័ត្នបានរៀបរាបថា ការដាំផ្កាឈូករ័ត្នគឺស្វាមីរបស់នាងរៀនផ្នែកកសិកម្មនៅប្រទេសថៃជាអ្នករៀបចំដាំផ្កានេះឡើងដើម្បីជួយឱ្យផ្ទៃដីប្រមាណជាង១ហិកតាមានជីវជាតិក្នុងការដាំដុះដំណាំផ្សេងៗ។
ដីនោះនាងទើបតែទិញបានដោយខ្វះជីវជាតិដាំដំណាំមិនសូវបានផលទើបស្វាមីនាង ដែលមានជំនាញខាងកសិកម្មទិញគ្រាប់ពូជផ្កាឈូករ័ត្នពីខេត្តឈៀងម៉ៃ ប្រទេសថៃ ១គីឡូក្រាម ជិត១០ម៉ឺនរៀល យកមកដាំដុះលើផ្ទៃខាងលើនោះ។
អ្នកនាង កេង សុចិន្តា បញ្ជាក់ថា ការដាំផ្កាឈូករ័ត្ននេះផងដែរមុនដំបូងគ្រាន់តែជាការដាំដើម្បីស្តាគុណភាពដីជាធម្មតាប៉ុណ្ណោះ។ក្រោយមកមានពលរដ្ឋចេះតែនាំគ្នាមកថតលេងនៅពេលល្ងាចៗកាន់តែច្រើនឡើងៗ ទើបស្វាមីរបស់នាងក៏បានរៀបចំផែនការដាំផ្កាឈូករ័ត្នសារជាថ្មីដោយដាំជាសួនឱ្យមានជួរត្រឹមត្រូវធ្វើឱ្យកាន់មានការទាក់ទាញប្រជាពលរដ្ឋដែលរស់នៅទល់ដែនកម្ពុជា-ថៃ ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ មកលេងកម្សាន្តកាន់តែច្រើនឡើង។
អ្នកនាង កេង សុចិន្តា ប្រាប់ឱ្យដឹងទៀតថា ការដាំផ្កាឈូករ័ត្នគ្មានអ្វីលំបាកនោះឡើយ គ្រាន់តែថែស្មៅ ស្រោចទឹក ឱ្យបានដិតដល់វា និងដុះរីកលូតលាស់ល្អត្រឹមតែរយៈពេល ៣ខែប៉ុណ្ណោះ វានឹងរីកចេញផ្កានោះហើយ។ផ្កាឈូករ័ត្នមានអាយុកាលជាង១ខែ និងបាក់កងាប់ជាបណ្តើរៗបង្កក្លាយជាជីតែម្តង។
អ្នកនាងម្ចាស់ចំការ ក៏បានបង្ហាញគម្រោងដាំផ្កាមួយចំនួនទៀត ដើម្បីបំរើលើវិស័យទេសចរណ៍ ដោយសារមានការសំណូមពរពីប្រជាពលរដ្ឋឱ្យដាំផ្កាឱ្យបានច្រើនសម្រាប់ពួកគាត់មកលេងកម្សាន្ត។
ប្រជាពលរដ្ឋដែលមកលេងកម្សាន្តចំការឈូករ័ត្ន ខាងលើបានលើកឡើងបង្ហាញពីអារម្មណ៍រីករាយ និងស្រស់ថ្លាក្នុងចិត្តដែលបានមកឃើញផ្កាឈូករ័ត្នដ៏ស្រស់ស្អាតនិងថតរូបលេងទុកជាអនុស្សាវរីយ៍។ អ្វីដែលកាន់តែល្អនោះ គឺថាគ្រាប់ ផ្កាឈូករ័ត្នត្រូវបានគេចាត់ទុកជាអាហារសម្រន់ដ៏អស្ចារ្យ និង គួរឲ្យឆ្ងាញ់ណាស់ ។ គ្រាប់ធញ្ញជាតិដ៏ ញ់នេះជាប្រភពដ៏ល្អ នៃ ជាតិខ្លាញ់ល្អចំពោះសុខភាព វីតាមីន E វីតាមីន B ស័ង្គសី ផូស្វ័រ ប៉ូតាស្យូម ជាតិដែក កាល់ស្យូម និងប្រូតេអ៊ីន។
ជុំវិញផ្កាឈូករ័ត្ននេះផងដែរ បើយោងតាមការដកស្រង់ពីឯកសារសុខភាពដែលបានចុះផ្សាយតាមសារព័ត៌មានក្នុងស្រុកមួយចំនួនបានបង្ហាញឱ្យដឹងថា គ្រាប់ផ្កាឈូករ័ត្នបានផ្តល់អត្ថប្រយោជន៍ដល់សុខភាពមនុស្សជីវជាតិ ដែលមាន ក្នុង គ្រាប់ ផ្កាឈូករ័ត្ន ល្អបំផុតសម្រាប់សុខភាព សក់ និងបេះដូង ផងដែរ៕