ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើ ដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ីនៅរសៀលថ្ងៃទី១៩ តុលានេះ ដើម្បីចូលពិធីស្បថ ចូលកាន់ តំណែងថ្មីរបស់ឯកឧត្តមចូកូ វីដូដូ (Joko Widodo) ជាប្រធានាធិបតីឥណ្ឌូនេស៊ី។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញ ពីកម្ពុជា ហើយនៅរសៀលថ្ងៃសៅរ៏ ទី១៩ តុលានេះ ដើម្បីអញ្ជើញទៅចូលរួមជាភ្ញៀវកិត្តិយស ក្នុង ពិធីស្បថចូលកាន់តំណែងថ្មីរបស់ ឯកឧត្តមចូកូ វីដូដូ (Joko Widodo) ជាប្រធានាធិបតី និង ឯកឧត្តម ម៉ារូហ្វ អាម៉ីន (Marut Amin) ជាអនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី សម្រាប់ អាណត្តិ ២០១៩-២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុង ហ្សាការតា ។
ប្រមុខរដ្ឋ/រដ្ឋាភិបាល និងតំណាងប្រទេសសមាជិកអាស៊ានឯទៀត ក៏នឹងមានវត្តមាន នៅក្នុងពិធីនោះផងដែរ។បើតាមរដ្ឋមន្ត្រីប្រតិភូនាយករដ្ឋមន្ត្រីបានឲ្យដឹងថា គណៈប្រតិភូអមដំណើរ សម្តេចតេជោ នាយករដ្ឋមន្ត្រី រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្ម ពិសេស ព្រមទាំងឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយចំនួនផងដែរ។ តាមការគ្រោងទុក សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបដោយឡែកជាមួយឯកឧត្តម ចូកូ វីដូដូ ដើម្បីជូនពរជ័យដល់ ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី ហើយនិងធ្វើការផ្លាស់ប្តូរយោបល់ អំពីកិច្ចសហប្រតិបត្តិការទ្វេ ភាគី និងពហុភាគី និងបញ្ហានានាដែលមានការចាប់អារម្មណ៍ដូចគ្នា។
ឯកឧត្តម ចូកូ វីដូដូ ជាប់ឆ្នោត ជាប្រធានាធិបតីអាណត្តិទី២ នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី១៧ ខែមេសាឆ្នាំ២០១៩ កន្លងមកនេះ សម្រាប់អាណត្តិ ២០១៩-២០២៤។ ការអញ្ជើញចូលរួមរបស់សម្តេចតេជោ នាយក រដ្ឋមន្ត្រី និងឥស្សរជនអាស៊ានផ្សេងទៀត ក្នុងពិធីស្បថចូលកាន់តំណែងថ្មីជាផ្លូវការ របស់ប្រធា នាធិបតី ឥណ្ឌូនេស៊ី ឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងមិត្តភាពក្នុងចំណោមប្រជាជាតិអាស៊ាន៕