សភាពាណិជកម្មអាល្លឺម៉ង់ ចង់បើកការិយាល័យសភាពាណិជ្ជកម្ម ជាលើកដំបូង នៅកម្ពុជា

ភ្នំពេញ ៖ លោក គ្រីស្ទាន បឺហ្គឺ (Christian Berger) ឯកអគ្គរដ្ឋទូតថ្មីអាល្លឺម៉ង់ ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែតុលា នេះ បានជម្រាបជូនសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាពថា អាឡឺម៉ង់ នឹងបើកសភាពាណិជកម្មរបស់ខ្លួន ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា។

លោកបណ្ឌិត កៅ កឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា នៅក្នុងជំនួបនេះ សម្ដេចសង្ឃឹមថា ក្នុងពេលដែលឯកឧត្តមបំពេញបេសកម្មកាទូត នៅកម្ពុជានេះ ឯកឧត្តមខិតខំជួយជំរុញ ក្នុងការពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជានិងអាល្លឺម៉ង់ ឲ្យបានកាន់តែល្អប្រសើរថែមទៀត។ លោកឯកអគ្គរដ្ឋទូត បានសន្យាថា នឹងព្យាយាមឲ្យអស់លទ្ធភាព ក្នុងការចូលរួមចំណែក ក្នុងការបន្តពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងទ្វេភាគី រវាងអាល្លឺម៉ង់និងកម្ពុជា។ លោកបានគូសបញ្ជាក់ថា អាល្លឺម៉ង់ និងកម្ពុជា មានលក្ខណៈស្រដៀងគ្នា ក្នុងការអនុវត្តន៍ច្បាប់អន្តរជាតិ។ លោកអរគុណរដ្ឋាភិបាលកម្ពុជា ដែលគាំទ្របេក្ខភាពរបស់អាល្លឺម៉ង់ នៅអង្គការសហប្រជាជាតិ កន្លងទៅ។ លោក បានឲ្យដឹងថា ប្រទេសទាំងពីរ នៅមានសក្កានុពលជាច្រើនទៀត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ជាងនេះ លោកក៏បានជម្រាបជូនសម្ដេចផងដែរ ពាក់ព័ន្ធនឹងអ្វី ដែលជាការចាប់អារម្មណ៍បំផុតនោះ ឥឡូវនេះសភាពាណិជកម្មអាល្លឺម៉ង់ ចង់បើកការិយាល័យសភាពាណិជ្ជកម្ម ជាលើកដំបូង នៅកម្ពុជា ដោយសារក្រុមហ៊ុមអាល្លឺម៉ង់ធំៗ មានការចាប់អារម្មណ៍ទៅលើការរីកចម្រើន នៃសេដ្ឋកិច្ចកម្ពុជា ហើយមានបំណងចង់មកវិនិយោគបណ្ដាក់ទុន នៅកម្ពុជា ដូច្នេះអាល្លឺម៉ង់ និងគ្រោងបើកការិយាល័យ លើកដំបូងនៅកម្ពុជា។

ជាការឆ្លើយ តបសម្ដេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនថា ឥឡូវនេះបើមើលវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កំពុងតែមានការរីកចំរើនច្រើនហើយយើងក៏នាំចូលពីអាល្លឺម៉ង់ ច្រើនដែរ ដូចជារថយន្តជាដើម ហើយកម្ពុជាក៏នាំទំនិញ ទៅកាន់ប្រទេសអាល្លឺម៉ង់ក៏ច្រើនដែរ ដូចជាស្បែកជើង និងសម្លៀកបំពាក់។

សម្ដេចបន្ថែមថា កន្លងមកនេះ នៅកម្ពុជាបានសម្រេច ទិញម៉ាស៊ីនភ្លើង២គ្រឿង ក្នុងចំណោមពីរគ្រឿងនេះ មួយគ្រឿងបានទិញពីប្រទេសអាល្លឺម៉ង់ ហើយមិនត្រឹមតែប៉ុណ្ណោះ មានក្រុមហ៊ុនស្រាបៀរ ដែលប្រើប្រាស់បច្ចេកវិទ្យាអាឡឺម៉ង់ ក្នុងការផលិតស្រាបៀរនៅកម្ពុជា។ ដូច្នេះបើយើងពិនិត្យទៅលើវិស័យធុរកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ មានទំនាក់ទំនងកាន់តែស៊ីជម្រៅ។

សម្តេចបន្តថា ដូច្នេះបំណងក្នុងការបើក ការិយាល័យសភាពាណិជ្ជកម្មអាល្លឺម៉ង់នៅកម្ពុជា គឺជារឿងល្អអាចចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញពាណិជ្ជកម្ម ដូចជាសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
សម្ដេចតេជោ ក៏បានជម្រាបជូនផងដែរថា កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០ ២០ខាងមុខនេះស្របពេលដែលអាល្លឺម៉ង់ នឹងធ្វើជាប្រធានសហភាពអឺរុប៕