ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងមិនយកភាគលាភ(ប្រាក់ចំណេញ)ពីអាជ្ញាធរអគ្គិសនីកម្ពុជា ដែលត្រូវបង់មករាជរដ្ឋាភិបាលរយៈពេល ៥ឆ្នាំទៀត ចាប់ពី២០២០-២០២៥ ដើម្បីទុកលទ្ធភាពឲ្យស្ថាប័ននេះ តបណ្តាញអគ្គិសនីទៅដល់គ្រប់ភូមិដ្ឋានប្រជាពលរដ្ឋ នៅទូទាំងប្រទេស។
រយៈពេល៥ឆ្នាំ ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចមិនយកប្រាក់ចំណេញពីអគ្គិសនីកម្ពុជា ដូចពេលកន្លងទៅ បានផ្តល់ផ្លែផ្កាជាច្រើន និងអនុញ្ញាតឲ្យអគ្គិសនីកម្ពុជា អាចតបណ្តាញជាតិ ទៅ ដល់ភូមិឋានប្រជាពលរដ្ឋឲ្យទទួលបានអគ្គិសនីប្រើប្រាស់ មានតម្លៃសមរម្យ និងតម្លៃដូចគ្នា នៅ ទូទាំងប្រទេស។ ការកែទម្រង់យ៉ាងស៊ីជម្រៅ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ភូមិចំនួន ៩២ ភាគរយ នៃចំនួនភូមិសរុបទូទាំងប្រទេសចំនួន ១៤.១៦៨ភូមិ ក្នុងព្រះរាជាណាចក្រកម្ពុជា បាន ទទួលអគ្គិសនីដែលមានថ្លៃសមរម្យពីបណ្តាញជាតិរួចហើយ។ រាជរដ្ឋាភិបាល មិនបន្តដកហូតភាគ លាភចេញពីប្រាក់ចំណេញ ពីការធ្វើអាជីវកម្មអគ្គិសនីកម្ពុជា ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ ដោយ រក្សាទុកថវិកានេះ ជាការវិនិយោគបន្ថែមរបស់រដ្ឋ ជួយពង្រីកបណ្តាញអគ្គិសនីដល់គ្រប់កន្លែង ជា ពិសេសតំបន់ដែលប្រជាជន ប្រជាពលរដ្ឋមិនទាន់មានអគ្គិសនីផ្ទាល់ ពីបណ្តាញជាតិ។
បើតាមរបាយការណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជាបង្ហាញថា កម្ពុជាកំពុងស្វែងរកប្រភពអគ្គិសនី បន្ថែម ដើម្បីផ្គត់ផ្គង់ក្នុងស្រុក ដោយសារតម្រូវការថាមពលមានការកើនឡើងខ្ពស់។
ប្រភពថាមពលក្នុងស្រុកសម្រាប់ឆ្នាំ ២០១៨កន្លងទៅនេះ កម្ពុជាផលិតបានប្រមាណ ២.២០៧ មេហ្កាវ៉ាត់ ឬស្មើនឹង ៨៦,៤៥ភាគរយ នៃតម្រូវការសរុប ។ សម្រាប់ឆ្នាំ២០១៩ នេះ កម្ពុជានឹង ផលិតបានថាមពលអគ្គិសនីសរុបប្រមាណ២.៤២៨មេហ្កាវ៉ាត់ ឬស្មើនឹង៧៨,៨៥ភាគរយនៃតម្រូវ ការសរុប។ ឆ្នាំ ២០១៩ នេះដែរ កម្ពុជាត្រូវការថាមពលអគ្គិសនីសរុបប្រមាណ ២.៨៧០មេហ្កាវ៉ាត់ ដែលមានកំណើនប្រមាណ ១៦,១២ភាគរយ ៕