ភ្នំពេញ ៖ លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា ការងារបញ្ជូនមកវិញនូវផលនៃបទល្មើសដែលត្រូវបានរឹបអូសជាការងារមួយសំខាន់ ចាំបាច់ និងបន្ទាន់ដែលតម្រូវឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ សហការអនុវត្តភារកិច្ច តាមសមត្ថកិច្ចរបស់ខ្លួន ហើយកម្ពុជា មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ជាចាំបាច់។
លោកទេសរដ្ឋមន្ដ្រី ឱម យិនទៀង បានបញ្ជាក់ដូចនេះ នៅក្នុងឱកាសអញ្ជើញ ជាអធិបតីភាព ក្នុងសិក្ខាសាលាស្តីពី មូលដ្ឋានគ្រឹះ នៃការបញ្ជូនមកវិញ នូវផលនៃបទល្មើស ដែលបានរឹបអូស ហើយត្រូវបានរៀបចំឡើង សហការជាមួយអង្គការសហប្រជាជាតិ រយៈពេល២ថ្ងៃគឺពីថ្ងៃទី៤-៥ ខែវិច្ឆិកា នៅអង្គភាពប្រឆាំងអំពើពុករលួយ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងថា ការងារបញ្ជូនមកវិញ នូវផលនៃបទល្មើស ដែលត្រូវបានរឹបអូស ជាការងារមួយ ដែលសំខាន់ ចាំបាច់ និងបន្ទាន់ ដែលតម្រូវឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ សហការអនុវត្តភារកិច្ច តាមសមត្ថកិច្ចរបស់ខ្លួន ហើយកម្ពុជា មានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនេះ។
លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង បានរំលឹកឱ្យដឹងថា កម្ពុជាបានទទួលការវាយតម្លៃការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិ ប្រឆាំអំពើពុករលួយ (UNCAC) ក្នុងជុំទី២ ហើយបានទទួលការមកត្រួតពិនិត្យ ដល់ប្រទេសកម្ពុជា របស់អ្នកជំនាញរបស់អង្គការសហប្រជាជាតិ រួមជាមួយប្រទេសអេស្វាទីនី និងប្រទេសថៃ កាលពីថ្ងៃទី៣០-៣១ ខែតុលា និង ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកទេសរដ្ឋមន្រ្តី បានបន្តថា លទ្ធផលនៃការត្រួតពិនិត្យ បានបង្ហាញថា ពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ និងការបញ្ជូនមកវិញ នូវផលនៃបទល្មើស ដែលត្រូវបានរឹបអូស កម្ពុជានៅមានចំណុចខ្វះខាតមួយចំនួន ដូចជា៖ ខ្វះច្បាប់ ស្តីពី ជំនួយផ្នែកច្បាប់ ទៅវិញទៅ (MLA) និងការរឹបអូសផល នៃបទល្មើស ខ្វះច្បាប់ ស្តីពី ការគ្រប់គ្រង និងចាត់ចែងផល នៃបទល្មើស មិនទាន់មាននីតិវិធីច្បាស់លាស់ ក្នុងការអនុវត្តការការ ស្នើសុំបញ្ចូនទ្រព្យពាក់ព័ន្ធបទល្មើស ទៅបរទេស ការយល់ដឹងពីការរឹបអូសផលនៃបទល្មើស និងការបញ្ជូនមកវិញ នូវផលនៃបទល្មើស ដែលត្រូវរឹបអូស ទៅមានកម្រិត ជាដើម។
លោក ឱម យិនទៀង ក៏បានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force-FATF) បានដាក់កម្ពុជា ក្នុងបញ្ជីប្រផេះជាផ្លូវការ និងបានដាក់អនុសាសន៍ និងផែនការសកម្មភាពមួយចំនួន សម្រាប់កម្ពុជាអនុវត្ត ដើម្បីឲ្យកម្ពុជាអាចចេញពីបញ្ជីប្រផេះវិញបានឆាប់ ហើយក្នុងផែនការសកម្មភាពនោះ ក៏បានតម្រូវឱ្យកម្ពុជា អនុម័តច្បាប់ MLA បណ្តុះបណ្តាលពី MLA បណ្តុះបណ្តាលពីការបង្កក ការរឹបអូសផលនៃបទល្មើស និងការបង្កើនចំនួននៃការរឹបអូសផលនៃបទល្មើសទៀតផង។
ពាក់ព័ន្ធនឹងបញ្ហានេះ ទើបរាជរដ្ឋាភិបាល បានសម្រេចឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវខិតខំអនុវត្តតាមផែនការ សកម្មភាពរបស់ក្រុមការងារហិរញ្ញវត្ថុ តាមកាលបរិច្ឆេទ ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ ក្រោមការទទួលខុសត្រូវ របស់ក្រសួង-ស្ថាប័នរៀងៗខ្លួន។
ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងចំណុចនេះ អង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធនានា បានដាក់ចេញនូវផែន ការសកម្មភាពរបស់ខ្លួន ដើម្បីអនុវត្តនូវផែនការសកម្មភាព ដែលកំណត់ដោយក្រុមរួមរបស់ APG និងផែនការសកម្មភាព ដែលបានកំណត់ ក្នុងយុទ្ធសាស្ត្រជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ហាប្បទាន ភេរវកម្ម ឆ្នាំ២០១៩-២០២៣។ ហើយ កិច្ចប្រជុំ និងយន្តការជាច្រើន ត្រូវបានរៀបចំឡើង ក្នុងគោលបំណងពង្រឹងកិច្ចសហការ រវាងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាការត្រួតពិនិត្យ លើវឌ្ឍនភាពការងារ AMLCFT ។
សូមបញ្ជាក់ថា លទ្ធផលនៃការវាយតម្លៃបង្ហាញថា វិស័យមានហានិភ័យខ្ពស់ មាន៤គឺ វិស័យធនាគារ វិស័យផ្ទេរប្រាក់ វិស័យការស៊ីណូ និងវិស័យអចលនៈទ្រព្យ។ ចំណែកឯសម្អាងនៃបទល្មើស ដែលមានហានិភ័យខ្ពស់ សម្រាប់ ML គឺបទល្មើសឆបោក ព្រៃឈើនិងសត្វព្រៃ ជួញដូរមនុស្ស គ្រឿងញៀន អំពើរត់ពន្ធ និងពុករលួយ ដែលកម្ពុជាបាននិងកំពុងខិតខំធ្វើ ក្នុងការងា AMLCFT នេះជាច្រើន៕