កិច្ចប្រជុំអាស៊ាន- អាមេរិក ៖ ជំរុញការកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងគ្នាទៅវិញទៅមក

ទីក្រុងបាងកក ៖ កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៧ ដោយមានវត្តមាន លោក រ៉ូប៊ែរ អូប្រៀន បេសកកជនពិសេស ប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំ បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើរបៀបវារ:ដែលបានគ្រោងទុក ពិសេសបានធ្វើការពិនិត្យនិងពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហរដ្ឋអាមេរិកឲ្យកាន់តែរឹងមាំរីកចម្រើនទ្វេឡើងថែមទៀត។

មេដឹកនាំអាស៊ាន-សហរដ្ឋអាមេរិក ក៏បានសង្កត់ធ្ងន់នូវសារ:សំខាន់ នៃការជំរុញភាពជាដៃគូជាមួយដៃគូសន្ទនា ដៃគូសន្ទនាតាមវិស័យដៃគូអភិវឌ្ឍ និងភាគីខាងក្រៅដទៃទៀត តាមរយ:ក្របខណ្ឌនិមួយៗ និងការអនុវត្តផែន ការសកម្មភាពទាំងឡាយ នៃកិច្ចសហប្រតិបត្តិការនានា។ មេដឹកនាំអាស៊ាន បានលើកទឹកចិត្តឲ្យសហរដ្ឋអាមេរិក ឲ្យបន្តគាំទ្រការ អនុវត្តផែនការមេ ស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ និងគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន ដំ ណាក់កាលទី៣ ដែលផ្តោតសំខាន់លើការតភ្ជាប់ ដើម្បីជួយកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេស សមាជិកអាស៊ាន និងជំរុញការតភ្ជាប់តំបន់ សំដៅសម្រេចឲ្យបាននូវចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥។ មេដឹកនាំអាស៊ានក៏បានវាយតម្លៃខ្ពស់ ចំពោះកម្មវិធីជំនួយបច្ចេកទេសថ្មី រវាងអាស៊ាន និងភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ សហរដ្ឋអាមេរិក ស្តីពីកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ក្នុងតំបន់ អាស៊ាន តាមរយ:នវានុវត្តន៍ពាណិជ្ជកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិក សម្រាប់ឆ្នាំ២០១៩-២០២៣ ដែលនឹងបន្តជួយលើកកម្ពស់ការកសាងសហគមន៍អាស៊ាន។ នៅក្នុងកិច្ចប្រជុំកមពូលនេះដែរ មេដឹកនាំអាស៊ាន សហរដ្ឋអាមេរិក បានឈានទៅចេញផ្សាយសេចក្តីប្រកាសរបស់ ប្រធានកិច្ចប្រជុំកំពូលអាស៊ាន សហរដ្ឋអាមេរិកលើកទី៧ និងបានអនុម័តសេចក្តីប្រកាសរបស់ ថ្នាក់ដឹកនាំអាស៊ាន សហរដ្ឋអាមេរិក ស្តីពីសន្តិសុខថាមពល៕