លោក ថោង ខុន ៖ កម្ពុជាចាត់ទុកវិស័យទេសចរណ៍ចជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ភ្នំពេញ ៖ វិស័យទេសចរណ៍ ត្រូវបានកំណត់ជាវិស័យអាទិភាពក្នុងការរួមចំណែកសម្រេចឲ្យបាននូវគោលដៅអភិ
វឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ជាពិសេសចូលរួមសម្រេចបាននូវគោលដៅទី៤ “ការសិក្សាពេញមួយជីវិត” និងគោលដៅទី៨ “ការងារសមរម្យ” ខណៈដែលពិភពលោក បាន និងកំពុងជួប ប្រទះនូវបញ្ហាស្មុគស្មាញជាច្រើន ដូចជាការថមថយកំណើនសេដ្ឋកិច្ចតំបន់អ៊ឺរ៉ុប សំណុំរឿង Brexit របស់ ចក្រភពអង់គ្លេស សង្រ្គាមពាណិជ្ជកម្មចិន និងអាមេរិក និងដែលបានកំពុងរាលដាលនៅបណ្តាប្រទេស ផ្សេងៗទៀត ការប្រកាន់យកគំនិតអភិរក្សនិយម ជម្លោះនៅតំបន់មជ្ឈឹមបូព៌ា បញ្ហាបំរែបំរួលអាកាសធាតុ ការរះឡើងនូវយក្សសេដ្ឋកិច្ចមួយចំនួន និងបញ្ហាមួយចំនួនទៀត ដែលបានធ្វើឲ្យខូចសណ្ឋាប់ធ្នាប់ពិភព លោក និងជះឥទ្ធិពលមកលើវិស័យទេសចរណ៍ ក៏ដូចជាឥរិយាបថនៃការដំណើររបស់ភ្ញៀវទេសចរ។

ខាងលើនេះជាការលើកឡើងរបស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុង សិក្ខាសាលាបូកសរុបការប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី៣ ឆ្នាំ២០១៩ នាព្រឹកថ្ងៃទី៦ វិច្ឆិកានេះ ដោយឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សម្រាប់កម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាស វៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា យើងមានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ឋាប់ធ្នាប់ពេញលេញ និងមានការ អភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យក្នុងនោះវិស័យទេសចរណ៍ក៏មានការរីកចម្រើនគួរជាទីមោទនៈផងដែរ។

លោក ថោង ខុន បានគូសបញ្ជាក់ថា កាលពីឆ្នាំ២០១៨កន្លងទៅ កម្ពុជាសម្រេចបានកំណើនក្នុង អត្រា១០.៧% ជាមួយនឹងការមកដល់នៃភ្ញៀវទេសចរអន្តរជាតិជាង ៦,២ លាននាក់ និងនាំប្រាក់ចំណូលប្រមាណ ៤៣៧៥ លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ(ស្មើនឹងប្រមាណ ១៣% នៃGDP)។

ដោយឡែកសម្រាប់រយៈពេល ៨ខែ ឆ្នាំ២០១៩នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤,៣ លាននាក់ កើនឡើងក្នុងអត្រា ១០,៤% ហើយតាមការព្យាករណ៍ យើងនឹងទទួលបានទេសចរអន្តរជាតិ ប្រមាណ ៦,៦ លាននាក់ នៅឆ្នាំ២០១៩នេះប្រមាណ ៧ លាននាក់ នៅឆ្នាំ២០២០ ប្រមាណ ១០ លាន នាក់ នៅឆ្នាំ២០២៥ និងប្រមាណ ១៥ លាននាក់នៅឆ្នាំ២០៣០ ព្រមជាមួយនឹងចំណូលប្រមាណជាង ១០ ពាន់លានដុល្លារ ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ ៕