ភ្នំពេញ ៖ ទៀនជ័យ ដែលបានដុតរយៈពេល៣ថ្ងៃជាប់ៗគ្នានៅវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ ត្រូវបានព្រះករុណាជាអម្ចាស់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានស្តេចយាងពន្លត់ដើម្បីជាការបិទបញ្ចប់ពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិ ខួបទី៦៦ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០១៩) ដែលជាការរំលឹកនៃការទាម ទារឯករាជ្យរបស់អតីតព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ពីអាណានិគមន៍បារាំង ក្នុងឆ្នាំ១៨៦៣ រហូតដល់ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ ដែលជាថ្ងៃរដ្ឋាភិបាលបារាំង បានសម្រេចចិត្តក្នុងការផ្តល់ឯករាជ្យពេញលេញដល់ប្រទេសកម្ពុជា ក្រោមព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីព្រះករុណាព្រះមហាវីរក្សត្រ សម្ដេចព្រះនរោត្តម សីហនុ ដែលបានតស៊ូអស់រយៈពេលជាច្រើនឆ្នាំ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញអមព្រះរាជដំណើររបស់ព្រះករុណាព្រះមហាក្សត្រក្នុងពិធីពន្លត់ទៀនជ័យនេះ ដែល មានការចូលរួមយ៉ាងកុះករពីសំណាក់សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូតនៃ បណ្តាប្រទេសជាមិត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការ សាស្ត្រាចារ្យ និស្សិត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ដោយអង្គពិធីបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ យ៉ាងក្រៃលែង ស្របពេលដែលកម្ពុជាបានប្រារព្ធពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិផង និងព្រះរាជ ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែនៅមុខព្រះបរមរាជវាំងផង ដែលមានពលរដ្ឋ យ៉ាងច្រើនកុះករ បានអញ្ជើញមកចូលរួមក្នុងពិធីបុណ្យជាប្រពៃណីប្រចាំឆ្នាំរយៈពេល ៣ថ្ងៃ ដើម្បីរំលឹក ដល់ភាពខ្លាំងរបស់កងទ័ពជើងទឹកខ្មែរកាលពីអតីតកាល។
ចំពោះប្រវត្តិ នៃព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីបារាំងរបស់ព្រះបរមរតនកោដ្ឋឯណេះវិញ គឺក្នុងឆ្នាំ ១៩៤៧ ព្រះអង្គបានទទួលជោគជ័យក្នុងការទាមទារពីប្រទេសថៃមកវិញនូវខេត្តខ្មែរ ដែលក្នុងពេលមានចម្បាំងលោកលើកទី២ ថៃបានយកពីកម្ពុជាទៅគឺ ខេត្តបាត់ដំបង សៀមរាប កំពង់ធំ និងខេត្តស្ទឹងត្រែង។ ឆ្នាំ១៩៤៩ ព្រះអង្គបានទាមទារឲ្យប្រទេសបារាំង បញ្ឈប់នូវសន្ធិសញ្ញាអាណាព្យាបាល ដែលបានចុះហត្ថលេខា នៅឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤។ នៅឆ្នាំ១៩៤៩ ដដែល ព្រះអង្គបានឡាយព្រះហត្ថលេខាលើសន្ធិសញ្ញាឯករាជ្យ ដែលប្រទេសបារាំងព្រមទទួលស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យរបស់ព្រះរាជាអាណាចក្រកម្ពុជា។ សន្ធិសញ្ញាឆ្នាំ ១៩៤៩ លុបចោលនូវសន្ធិសញ្ញាអាណាព្យាបាលឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤។ ចាប់ពីឆ្នាំ១៩៥២ ដល់ឆ្នាំ១៩៥៣ ព្រះអង្គបានយាងបំពេញព្រះរាជបូជនីយកិច្ចទាមទារកេតនភណ្ឌឯករាជ្យ ១០០% ជូនជាតិមាតុភូមិ។ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយស្នាព្រះហស្ថដ៏ឧត្ដុង្គឧត្ដមរបស់ព្រះអង្គ កម្ពុជាបានទទួលឯករាជ្យទាំងស្រុងពីបារាំង។ ប្រជារាស្ត្រកម្ពុជា ទូទាំងប្រទេស បានថ្វាយព្រះកិត្តិនាមព្រះអង្គជា “ព្រះមហាវីរបុរសជាតិ ព្រះបិតាឯករាជ្យជាតិ” ចាប់តាំងពីពេលនោះ តរៀងមក៕