មន្ទីរការងារខេត្តព្រះសីហនុ ៖ ទំនាស់ក្នុងសណ្ឋាគារ មីង គ័ន ដោះស្រាយរួចរាល់ហើយ

ខេត្តព្រះសីហនុ ៖ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ លោក យ៉ូវ ខេមរា បានឲ្យដឹងថា ករណីវិវាទការងារ រវាងបុគ្គលិកក្រុមហ៊ុនក្រោនសេនជូរី (សណ្ឋាគារ មីង គ័ន) ប្រមាណ៣០០នាក់ នៃកម្មករនិយោជិតសរុប ៦៩៤នាក់ មានទំនាស់ការងារជាមួយថៅកែក្រុមហ៊ុន ដែលបានធ្វើកូដកម្មទាមទារ ឲ្យមានការដោះស្រាយលើលក្ខខណ្ឌការងារចំនួន ៦ចំណុចជាលទ្ឋផលផ្សះផ្សាសម្រេចបានលទ្ធផលផ្លែផ្កាជាស្ថាពរហើយ។

លោកបន្តថា ដោយឡែក ចំពោះកម្មករនិយោជិតចំនួន ៨២នាក់ ដែលបានដាក់ពាក្យលាឈប់ពីការងារ គឺខាងភាគីក្រុមហ៊ុន ក៏យល់ព្រម បើកប្រាក់ ឈ្នួល ជូនពួកគេ នៅថ្ងៃទី១៣ ខែវិច្ឆិកា នៅម៉ោង ១០ព្រឹក នាអាគារបុគ្គលិករបស់ក្រុមហ៊ុនផ្ទាល់។

លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារ បញ្ជាក់ថា វិវាទខាងលើនេះ ត្រូវបាន លោក ហេង លីទ្រី ប្រធានការិយាល័យការងារក្រុង បានដឹកនាំធ្វើការផ្សះផ្សា ដោយមិនបានឈប់សម្រាក ចាប់ពីព្រលឹមថ្ថៃទី១២ ខែវិច្ឆិកា ដល់ម៉ោង៦ល្ងាចថ្ងៃដដែលនេះ ដោយប្រេីរយៈពេលជិត ១២ ម៉ោង ក៏ប៉ុន្តែនៅមិនទទួលបានលទ្ធផលនោះទេ។

លោក យ៉ូវ ខេមរា បន្តថា ដោយឃេីញស្ថានភាពបន្តតានតឹង នៅតែបន្តកើតមានបែបនេះ រូបលោកក៏សម្រេចបន្ថែមមន្ត្រីដឹកនាំការផ្សះផ្សាម្នាក់ទៀត គឺ លោក ម៉េត វណ្ណា ប្រធានការិយាល័យអធិការកិច្ច និងវិវាទការងារ ដេីម្បីផ្លាស់ប្តូរបរិយាកាស នៃការផ្សះផ្សាវិវាទនេះ ដោយបានឯកភាពគ្នា រវាងបុគ្គលិក ជាមួយថៅកែហ៊ុនហ៊ុន ក្រោនសេនជូរី (សណ្ឋាគារ មីង គ័ន) ទាំងស្រុងនៅម៉ោងជិត១០យប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

លោក យ៉ូវ ខេមរា ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា មូលហេតុ នៃវិវាទការងារមានភាពតានតឹង ក៏ដោយសារតែភាគីទាំងពីរ គឺកម្មករនិយោជិត និងនិយោជក មានឥរិយាបថចរចេសរឹងដូចគ្នា ជាពិសេសខាងក្រុមហ៊ុន ខ្វះយន្តការ នៃការសម្របសម្រួលនៅគ្រាដំបូងៗ នៃវិវាទ តំណាក់កាលនៃការចរចា រវាងបុគ្គលិក និងក្រុមហ៊ុន ៕ ដោយ ៖ មនោរាហ៍