ភ្នំពេញ ៖ ត្រីភាគីក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលនាដំណាក់កាលទី៤ ដែលរួមមាន អាជ្ញាធរមីន កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ និងរដ្ឋាភិបាលប្រទេសអូស្រ្តាលី បានបញ្ជាក់ឡើងវិញយ៉ាងមុតមាំ ដោយបន្តតាំងចិត្តបំពេញការងារឆ្ពោះទៅរកកម្ពុជាមួយគ្មានមីននៅឆ្នាំ២០២៥ ដោយភាគីទាំងបីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នានាព្រឹកថ្ងៃទី១៥ វិច្ឆិកានេះ ក្រោមវត្តមានចូលរួមរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន លោកជំទាវ Angela Corcoran ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា និងលោក Nick Beresford អ្នកតំណាងអង្គការ UNDP ប្រចាំនៅកម្ពុជា។
ឯកសាចំនួន២ ត្រូវបានដាក់បញ្ចូលនៅក្នុងពិធីចុះហត្ថលេខានេះគឹ៖ (១).សេចក្តីថ្លែងការណ៍ត្រីភាគីនៃការប្តេជ្ញាចិត្តរួមគ្នា ឆ្ពោះទៅរកប្រទេសកម្ពុជាដែលគ្មានមីននៅឆ្នាំ២០២៥ រវាងរដ្ឋាភិបាលអូស្ត្រាលី កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ និងអាជ្ញាធរមីន, (២).ឯកសារគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាល
ទី៤ រវាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ និងអាជ្ញាធរមីន។
តាមរយៈការផ្តល់សច្ចាប័នទៅលើអនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្រ្តាលី នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ដើម្បីអនុវត្តបទដ្ឋាននានាដែលមានចែងនៅក្នុងអនុសញ្ញានេះ។
ទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ញាក់ថា រយៈពេលជាង២០ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានបោសសម្អាតផ្ទៃដីដែលមានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង១៨៩៣ គីឡូម៉ែត្រក្រឡា។ ផ្ទៃដីដែលបានបោសសម្អាតរួច មិនត្រឹមតែជួយសង្រ្គោះដល់ជីវិតមនុស្ស សត្វ គឺថែមទាំងបានប្រើប្រាស់សម្រាប់បង្កបង្កើនផល និងបានផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋប្រមាណជាង ៥លាន ៣សែននាក់ ដែលរស់នៅក្នុងតំបន់ដាច់ស្រយ៉ាលភាគពាយព្យប្រទេស តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។
ទេសរដ្ឋមន្រ្តីបន្តថា ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ រដ្ឋាភិបាលអូស្រ្តាលី គឺជាដៃគូដ៏យូរអង្វែងក្នុងការងារមនុស្សធម៌ និងការងារអភិវឌ្ឍតាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ហើយដោយឡែក រដ្ឋាភិបាលកាណាដា និងរដ្ឋាភិបាលស្វីស ក៏បានចូលរួមគាំទ្រគម្រោងនេះផងដែរ ដោយគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលចំនួន៣ដំណាក់កាលដំបូង រំដោះផ្ទៃដីដែលមានការគម្រាមកំហែងខ្ពស់បានចំនួនប្រមាណ ២៣៩ គីឡូម៉ែត្រក្រឡា។ ការបោសសម្អាតនេះបានចូលរួមចំណែកកាត់បន្ថយចំនួនជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជាពី ៤៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកនៅត្រឹម ៥៨នាក់ ក្នុងឆ្នាំ២០១៨ តែទេសរដ្ឋមន្រ្តី លី ធុជ ថា ទោះបីលទ្ធផលដែលសម្រេចបានមានទំហំធំធេងយ៉ាងណាក៏ដោយ ក៏បញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅតែជាបញ្ហាស្មុគស្មាញ ដោយវាបន្តរារាំងដល់ការអភិវឌ្ឍ និងបន្តគម្រាមកំហែងដល់សកម្មភាពប្រកបរបរចិញ្ចឹមជីវិតរបស់សហគមន៍នានា ដែលរងផលប៉ះពាល់៕