ភ្នំពេញ ៖ នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៥:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងឯកឧត្តម ហេនរី វ៉ាន់ ធៀ (Henry Van Thio) អនុប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក នៅព្រះរាជាណាចក្រកម្ពុជា។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការស្វាគមន៍ ចំពោះលោកអនុប្រធានាធិបតី ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក នៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចបានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៩-នៅកម្ពុជា ត្រូវបានសហការរៀបចំរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយសហព័ន្ធសន្តិភាពសកល ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩។
នៅក្នុងឱកាសនោះ លោក ហេនរី វ៉ាន់ ធៀ បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលដ៏មានតម្លៃ ទទួលជួបនាឱកាសនេះ។ ឯកឧត្តមបានសម្តែងនូវការអបអរសាទរចំពោះព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៩- នេះ ប្រកបដោយជោគជ័យ។
លោក ហេនរី វ៉ាន់ ធៀ បានជម្រាបជូនសម្តេចព្រឹទ្ធសភាថា សហភាពមីយ៉ាន់ម៉ានឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី៣ នៅឆ្នាំ២០២០ ខាងមុខនេះ។ លោកបានរំលឹកអំពី ទំនាក់ទំនការទូតរវាងសហភាពមីយ៉ាន់ម៉ា និងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានបង្កើតតាំងពីឆ្នាំ១៩៥៥ ហើយទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានភាពស្អិតរមួតពីតាំងពីពេល បង្កើតរហូតដល់ពេលបច្ចុប្បន្ន ជាពិសេសការគាំទ្រគ្នាក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ដូចជា ក្នុងក្របខណ្ឌអាស៊ាន មហាអនុតំបន់ទន្លេមេគង្គ CLMV និងក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។
សម្តេចប្រធានព្រឹទ្ធសភាមានសេចក្តីសង្ឃឹមថា ប្រទេសមីយ៉ាន់ម៉ានឹងសម្រេចបាននូវការបង្រួបបង្រួម និង ផ្សះផ្សារជាតិ នៅពេលខាងមុខនេះ។ សម្តេចបានប្រសិទ្ធពរ បវរមហាប្រសើរ ជូនឯកឧត្តមអនុប្រធានាធិបតី និងគណៈប្រតិភូ សូមទទួលបានសុខភាពល្អ បរិបូរណ៍ ការស្នាក់អាស្រ័យល្អប្រសើរ និងជោគជ័យត្រចះត្រចង់ក្នុងបេសកកម្មដ៏ខ្ពង់ខ្ពស់នៅព្រះរាជាណាចក្រកម្ពុជា៕