GMAC និង ILO ចុះកិច្ចព្រមព្រៀងរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា បន្តគម្រោងរោងចក្រឲ្យកាន់តែប្រសើរ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ រាជរដ្ឋាភិបាលកម្ពុជា ជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងអង្គការអន្តរជាតិខាងការងារ (ILO) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា“ ស្តីពី គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សម្រាប់ឆ្នាំ២០២០-២០២២ ” នៅសណ្ឋាគារសាន់វេ ដែលគ្របដណ្តប់លើវិស័យកាត់ដេរសម្លៀកបំពាក់ និងវាយនភ័ណ្ឌ សម្ភារៈ និងកាបូបធ្វើដំណើរ។ នេះជាអនុស្សរណៈលើកទី៦ហើយ ក្នុងការបន្តទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ និងកិច្ចសហការកាន់តែប្រសើរ ដើម្បីឱ្យស្របទៅនឹងការវិវត្តន៍ នៃស្ថានការបច្ចុប្បន្ន និងទៅអនាគត។

នាឱកាសនោះដែរ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងរ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ ក្នុងការចូលរួមចំណែក ក្នុងការធានានូវសិទ្ធិការងារ និងលក្ខខណ្ឌការងារល្អប្រសើរ សម្រាប់បងប្អូនកម្មករនិយោជិត និងផ្អែកលើភាពជោគជ័យ នៃការអនុវត្តគម្រោងនេះ។

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លើកឡើងថា តាមរយៈការអនុវត្តគោលនយោបាយ នៃការផ្សារភ្ជាប់ពាណិជ្ជកម្ម ជាមួយនឹងបទដ្ឋានការងារ បានប្រែក្លាយកេរ្តិ៍ឈ្មោះកម្ពុជា ទៅជាប្រទេសដែលឈានមុខគេក្នុងគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ និងបានធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសគំរូ សម្រាប់ប្រទេសមួយចំនួន យកទៅធ្វើបទពិសោធន៍ សម្រាប់អនុវត្ត និងរៀនសូត្រតាម។

លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធាន GMAC ឲ្យដឹងថា “GMAC នឹងបន្តធ្វើការជាមួយរោងចក្រកាន់តែប្រសើរនៅកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរក្សាការផលិត សុវត្ថិភាពការងារ និងការងារប្រកបដោយចីរភាព សម្រាប់ជាកម្លាំងពលកម្មរបស់កម្ពុជា។
ដោយឡែក លោក Grame Buckley នាយកការិយាល័យ អង្គការ ILO ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ បានកត់សម្គាល់ថា ដោយភាពជោគជ័យក្នុងធ្វើការ ជាមួយ រាជរដ្ឋាភិបាល និង GMAC យើងនឹងបន្តរួមគ្នាលើកកម្ពស់ ការងារសមរម្យ សម្រាប់កម្មករ រាប់រយ រាប់ពាន់នាក់ ជាពិសេសស្ត្រី ហើយក៏ជួយកម្មករ និយោជិត ក្នុងការអភិវឌ្ឍជំនាញថ្មីៗ អាជីវកម្ម ដើម្បីទទួលប្រាក់ចំណេញកាន់តែច្រើនជាងមុន និងក្រុមគ្រួសារពួកគេ ចាកផុតពីភាពក្រីក្រផងដែរ៕