​ប្រធានាធិបតីអាមេរិកលោក ដូណា ត្រាំ ផ្ញើលិខិតពីរច្បាប់ជូននាយករដ្ឋមន្ត្រីកម្ពុជា

ដោយ ៖​ ហ៊ុំ ធឿន

ភ្នំពេញ : លោក patrick murphy នៅថ្ងៃទី 21 ខែវិច្ឆិកា ឆ្នាំ2019 នេះ បាននាំនូវលិខិតចំនួន២ ផ្ទាល់ពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ជូនសម្ដេចតេជោ ក្នុងឱកាសដែលលោកត្រូវបានអនុញ្ញាតឲ្យចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

ក្នុងនេះ លិខិតទី ១ ស្ដីពីទំនាក់ទំនងទ្វេភាគីរវាង សហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា។ ឯលិខិតទី២ ស្ដីពីទំនាក់ទំនង រវាងអាស៊ាន និងសហរដ្ឋអាមេរិក។

គួរជម្រាបជូនថា នេះជាលើកទីមួយហើយ ក្នុងប្រវត្តិសាស្ត្រដែលប្រធានាធិបតីសហរដ្ឋអាមេរិក សរសេរលិខិតផ្ទាល់ ផ្ញើជូននាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមិនធ្លាប់មានសោះតាំងពីមុនមក។

ក្នុងសារលិខិតទី១ ជាខ្លឹមសាររួមបង្ហាញថាសហរដ្ឋអាមេរិក មានគោលបំណងចង់ធ្វើយ៉ាងណាឲ្យទំនាក់ទំនងទ្វេភាគីរវាងអាមេរិក និងកម្ពុជា បន្តប្រសើរឡើងថែមទៀត ។

អ្វីដែលសំខាន់ គឺសហរដ្ឋអាមេរិកមានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការគាំទ្រកម្ពុជា ជាពិសេស គោរពអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ហើយនិងជួយកម្ពុជាក្នុងការការពារអធិបតេយ្យភាពកម្ពុជានេះ ហើយជាពិសេសទៀតនោះ សហរដ្ឋអាមេរិកបញ្ជាក់ថា មិនមានការគាំទ្រឲ្យមានការប្ដូររបប នៅប្រទេសកម្ពុជាទេ និងបន្តធ្វើការជាមួយគ្នាលើគ្រប់វិស័យ និងទៅលើចំណុចសំខាន់ៗឆាច្រើនផ្សេងទៀត។

ក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ឆ្លើយតបថា សហរដ្ឋអាមេរិកបានទទួលស្គាល់កម្ពុជា តាំងពីមុនដែលកម្ពុជា ទទួលបានឯករាជ្យពីប្រទេសបារាំង ពោលគឺនៅមុនឆ្នាំ1953។

នៅក្នុងជំនួបនេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិកក៏បានសម្ដែង ចូលរួមនូវការសោកស្ដាយ និងរំលែកមរណៈទុក្ខ ចំពោះការបាត់បង់សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលជាវីរជនវិស័យវប្បធម៌របស់កម្ពុជាផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសំដែងអំណរគុណដែលឯកអគ្គរដ្ឋទូតអាមេរិក បានចូលរួមរំលែកមរណៈទុក្ខនេះ ហើយដែលសម្ដេចចាត់ទុកថា ការបាត់បង់នេះគឺជាការបាត់បង់ដ៏ធំធេង។ សម្ដេចតេជោក៏បានថ្លែងអំណរគុណផងដែរចំពោះ លោក patrick murphy ដែលកន្លងមកនេះ បានចូលរួមយ៉ាងសកម្មជាមួយបុណ្យជាតិរបស់កម្ពុជា ដូចជាកន្លងមកនេះបុណ្យអុំទូក ជាដើម និងបានបន្តធ្វើការងារជាមួយមន្ត្រីកម្ពុជាកន្លងមក ដូចជាជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាដើម។

ចំពោះលិខិតទី ២ ដែលចុះហត្ថលេខាដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហរដ្ឋអាមេរិក។ នៅក្នុងលិខិតនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអញ្ជើញសម្ដេចតេជោនាយករដ្ឋមន្ត្រី ទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក នាទីក្រុងញូវយ៉ក នៅឆមាសទី មួយ ឆ្នាំ2020 ខាងមុខនេះ។

សម្ដេចតេជោ បានគាំទ្រសហរដ្ឋអាមេរិក ដែឆលបានរៀបចំកិច្ចប្រជុំកំពូលរវាងអាស៊ាននិងសហរដ្ឋអាមេរិក ជាលក្ខណៈពិសេសនៅសហរដ្ឋអាមេរិក នេះ ដើម្បីផលប្រយោជន៍ទាំងសងខាង ជាពិសេសផលប្រយោជន៍អាស៊ានផងដែរ ហើយសម្ដេចនឹងពិភាក្សាជាមួយប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអាស៊ាន ផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យមានការឯកភាពគ្នាជាឯកច្ឆន្ទ នៅក្នុងការឲ្យមានកិច្ចប្រជុំនេះកើតឡើង។

សម្ដេចតេជោក៏បានបង្ហាញពីគោលបំណងច្បាស់លាស់ក្នុងការគាំទ្រធ្វើយ៉ាងណាឱ្យដៃគូយុទ្ធសាស្ត្រ អាស៊ាន-អាមេរិក នេះបន្តរីកចម្រើន ដោយបន្តផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ៕