បរទេស ៖ ផ្លូវពីរគន្លងប្រវែងសរុបជាង ១២២គីឡូម៉ែត្រ ដែលតភ្ជាប់ប្រទេសឡាវ និងថៃ ត្រូវបានបើកគម្រោងសាងសង់ហើយដោយត្រូវចំណាយពេលសាងសង់ ៣៦ខែ ហើយនឹងបើកឱ្យដំណើរការជាសាធារណៈនៅក្នុងអំឡុងឆ្នាំ២០២២ ខាងមុខ។ គម្រោងនេះ នឹងចំណាយជាង ១,៨ពាន់លានបាត (ជាង ៥៨លានដុល្លារអាមេរិក) គាំទ្រដោយកម្ចីរបស់ទីភ្នាក់ងារ NEDA ប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់ Vientianetimes នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩។
គួរជម្រាបថា កាលពីចុងខែមិថុនាកន្លងទៅ រដ្ឋមន្ត្រីក្រសួងសាធារណការ ឡាវ និងថៃ បានចុះកិច្ចព្រមព្រៀងលើគម្រោងសាងសង់ផ្លូវជាតិលេខ១១ ដែលតភ្ជាប់ពីក្រុងវៀងចន្ទន៍ ឆ្លងកាត់ខេត្ត Xayaboury នៃប្រទេសឡាវ ទៅកាន់ភាគខាងជើងនៃប្រទេសថៃ។ ផ្លូវនេះ នឹងត្រូវសាងសង់ជា២គន្លង (១ទៅ១មក) ដោយក្នុង១គន្លងមានទំហំ ៣,៥ម៉ែត្រ និងមានស្ពានចំនួន១៩កន្លែង។ ផ្លូវនេះ នឹងអនុញ្ញាតឱ្យយានយន្តអាចបើកបរក្នុងល្បឿន ៨០គីឡូម៉ែត្រក្នុង១ម៉ោង (តំបន់ភ្នំ ៤០គីឡូម៉ែត្រក្នុង១ម៉ោង)៕