លោក មូន ចេអ៊ីន ៖ ការអភិវឌ្ឍក្នុងតំបន់មេគង្គ គឺជាបញ្ហារបស់កូរ៉េ

ភ្នំពេញ ៖ កិច្ចប្រជុំកំពូលមេគង្គ សាធាណរដ្ឋកូរ៉េ បានចាប់ផ្តើមដំណើរការហើយនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។ នេះជាកិច្ចប្រជុំលើកដំបូងបំផុតរវាងថ្នាក់ដឹកនាំប្រទេសមេគង្គ កម្ពុជា មីយ៉ាន់ម៉ា ថៃ ឡាវ និងវៀតណាម ជាមួយសាធារណៈរដ្ឋកូរ៉េ។

លោក មូន ចេអ៊ីន ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ក្នុងនាមជាម្ចាស់ផ្ទះបានទទួលបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំនៃប្រទេសដងទន្លេមេគង្គ រួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងកាបរទេស និងកិច្ចសហប្រតិបត្តការអន្តរជាតិតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្រ្តី លោកជំទាវ អង់ សានស៊ូជី ទីប្រឹក្សារដ្ឋនៃប្រទេសមីយាន់ម៉ា តំណាងឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីនៃប្រទេសថៃ លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តីប្រទេសវៀតណាម និងលោក ថង លូនស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ។

លោកប្រធានាធិបតី មូន ចេអ៊ីន បានលើកឡើងថា ប្រទេសក្នុងតំបន់ទន្លេមេគង្គបានដើរតួនាទីយ៉ាងសំខាន់ទាំងបញ្ហាតំបន់ ក៏ដូចជាបញ្ហាសន្តិភាពនៅក្នុងឧបទ្វីបកូរ៉េ។ ឯកឧត្តមប្រធានាធិបតី បានបន្ថែមថា ប្រទេសកូរ៉េខាងត្បូង នឹងនៅជាមួយប្រទេសមេគង្គ និងជឿជាក់ថា ការអភិវឌ្ឍក្នុងតំបន់មេគង្គគឺជាបញ្ហារបស់កូរ៉េ។ នៅក្នុងកិច្ចប្រជុំនោះ ប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានលើកឡើងអំពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានជំរុញឲ្យមានកិច្ចប្រជុំកំពូលមេគង្គកូរ៉េខាងត្បូង ដើម្បីមកជំនួសកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីធ្វើឡើងពីរឆ្នាំម្ដង។ លោកបានសង្កត់ធ្ងន់ថាប្រទេសតំបន់មេគង្គ បានក្លាយទៅជាទឹកដីនៃឱកាសហើយថាកូរ៉េខាងត្បូងគឺជាមិត្តភក្កិពិសេសសម្រាប់ប្រទេសក្នុងតំបន់ទន្លេមេ គង្គ ដើម្បីជំរុញឲ្យតំបន់នេះ មានកិច្ចសហប្រតិបត្តិការនិងវិបុលភាពដើម្បីជួយជំរុញតំបន់អាស៊ានសម្រាប់យុគសម័យអាស៊ីប៉ាស៊ីហ្វិក។ ទោះបីជាសម្តេចតេជោ ហ៊ុនសែន អវត្តមានអញ្ជើញចូលរួមកិច្ចប្រជុំនៅទីក្រុងប៊ូសាន ប្រទេសកូរ៉េក៏ដោយ ក៏លោក មូន ចេអ៊ីន បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំប្រឹងប្រែងជំរុញឱ្យមានកិច្ចប្រជុំកំពូលមេគង្គសាធារណរដ្ឋកូរ៉េ នេះឡើង ។

លោកប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថា “មេគង្គបានក្លាយជាទឹកដីនៃឱកាស”។ ប្រទេសកូរ៉េខាងត្បូងបានក្លាយជា “មិត្តពិសេស” របស់មេគង្គព្រោះប្រទេសទាំងនេះបានបង្កើតទំនាក់ទំនងនៃវិបុលភាពជាមួយអាស៊ាន។
សូមបញ្ជាក់ថាកូរ៉េខាងត្បូងនិងប្រទេសតំបន់ទន្លេមេគង្គមានពាណិជ្ជកម្មរួមប្រមាណ ៨៤ពាន់លានដុល្លារសហរដ្ឋអាមេរិកគិតត្រឹមឆ្នាំ ២០១៨ ហើយបានកើនឡើងជាងពីរដងក្នុងរយៈពេល៨ឆ្នាំកន្លងទៅ៕