ភ្នំពេញ ៖ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានឱ្យដឹងនៅយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ថា អង្គភាពប្រឆាំងអំពើពុករលួយ បាននាំខ្លួនក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ម្នាក់ យកទៅសួរនាំពាក់ព័ន្ធនឹងអំពើពុករលួយ។
លោកបញ្ជាក់ថា ក្រឡាបញ្ជី នៃសាលាឧទ្ធរណ៍ ដែលត្រូវនាំខ្លួននេះ ឈ្មោះ ទេព ធីរិទ្ធ អាយុ៤៦ឆ្នាំ ដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩នេះ។
លោកបន្តថា អង្គភាពប្រឆាំងអំពើពុករលួយបានស៊ើបអង្កេតយ៉ាងដិតដល់រហូតឈានដល់ ការចាប់ខ្លួនក្រឡាបញ្ជីម្នាក់នៃសាលាឧទ្ធរណ៍ពាក់ព័ន្ធនឹងករណី អំពើពុករលួយដោយនាំខ្លួនមកកាន់អង្គភាពប្រឆាំងអំពើពុករលួយដើម្បី សួរនាំចាត់វិធានការ។ ប៉ុន្តែទោះយ៉ាងណាអង្គភាពប្រឆាំងអំពើពុករលួយមិនបានបញ្ជាក់ថា ក្រឡាបញ្ជីរូបនោះពាក់ព័ន្ធអំពើពុករលួយក្នុងសំណុំរឿងអ្វីខ្លះនោះទេ៕