ភ្នំពេញ ៖ ថ្ងៃទី១៤ ខែមករា គឺជាទិវាជំនួបប្រចាំឆ្នាំលើកទី៤ រវាងសម្តេចតេជោ ហ៊ុន សែន ជាមួយក្រុមអ្នកសារព័ត៌មានក្នុងស្រុកចម្រុះនិន្នាការ។ អាចនិយាយបានថា នេះជាលើកទី១ហើយ ដែលនៅក្រោយជំនួបនេះ មានអ្នកសារព័ត៌មានខ្លះបាន បញ្ជាក់ពីបំណងថា គេនឹងមិនទៅចូលរួមទៀតឡើយ បើគ្រាន់តែទៅអង្គុយស្តាប់ប្រសាសន៍របស់សម្តេចតេជោ និងទទួលទានអាហារឆ្ងាញ់មួយពេល ដោយមិនបានសំដែងពីទុក្ខលំបាកក្នុងការបំពេញការងាររបស់អ្នកកាសែតនោះ។
ក្នុងជំនួបដ៏វិសេសវិសាលនេះ ក្រៅពីបានមានប្រសាសន៍វាយតម្លៃខ្ពស់លើការ រីកចំរើនលើវិស័យព័ត៌មានក្នងសម័យបច្ចេកវិទ្យាទំនើបនេះសម្តេចតេជោ ក៏បានស្តីបន្ទោសទៅលើការផ្សាយមួយចំនួនដែលមិនគោរពសិទ្ធិ និងជាព័ត៌មានក្លែងក្លាយ។ ជាមួយនោះដែរ លោក សាន្ត ប៊ុនធឿន ចាងហ្វាងសារព័ត៌មាន សម្លេងស្នេហាជាតិ បានក្លាយជាផ្ទាំងស៊ីបដែលសម្តេចបានបន្ទោសចំៗម្តងហើយម្តងទៀត ពីករណី Live Videos ផ្សាយព័ត៌មានក្នុងពេលខ្លួនកំពុងស្រវឹង ដែលធ្វើអោយ ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់អ្នកដទៃ ក៏ដូចជាប៉ះពាល់ដល់ក្រមសីលធម៌ វិជ្ជាជីវ:អ្នកសារព័ត៌មានផងដែរ។ពិសេស គឺការជេរប្រមាថលើអ្នកចូលទស្សនា Live ខណៈដែលសម្តេចក៏កំពុងទស្សនា Live នោះដែរ។
សូមបញ្ជាក់ថា តាមរយៈហ្វេសប៊ុករបស់ខ្លួន អ្នកកាសែតស្ត្រីពីររូប បានបង្ហាញពីការអាក់អន់ស្រពន់ចិត្តចំពោះការរៀបចំកម្មវិធីជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ដែលមិនបានផ្តល់ឱកាសអោយពួកគេបញ្ចេញមតិរៀបរាប់ពីផល លំបាករបស់អ្នកកាសែតពេលចុះយកព័ត៌មានពិតមកផ្សព្វផ្សាយ ហើយត្រូវរងការគំរាមកំហែងពីអ្នកមានអំណាច ឬអាជ្ញាធរមានសមត្ថកិច្ច។
អ្នកកាសែតស្រីម្នាក់ឈ្មោះ Ly Na និងម្នាក់ទៀតមកពីខេត្តរតនគិរី ចាងហ្វាងគេហទំព័រ ស្លាបប៉ាការអព្យាក្រឹត្យ ក៏បានគាំទ្រតាមការលើកឡើងរបស់គណនី facebook ឈ្មោះ Ly na ដែលបាននិយាយថា ៖ « និយាយតាមត្រង់ បើជំនួបគ្រាន់តែញ៉ាំបាយមានម្ហូបហូរហៀរ ហើយស្តាប់តែប្រសាសន៍ម្ខាងរបស់សម្តេច ខ្ញុំសុំឈប់ចូលរួម។ ខ្ញុំសុំយ៉ាងទទូច បើមានការជួបជុំរវាងអ្នកកាសែត ជាមួយនិងប្រមុខរាជរដ្ឋាភិបាល ឬមន្ត្រីរដ្ឋាភិបាល សំពះសុំស្តាប់ការលំបាករបស់អ្នកការសែត ផង តើលំបាកអ្វី ?។ ទី១. ព័ត៌មានពិតមិនបំភ្លៃ នេះជាចំនុចគោលមួយដ៏ចាំបាច់ តើខ្ញុំក្នុងនាមជាអ្នកព័ត៌មានម្នាក់មានសិទ្ធិគ្រប់គ្រាន់ឬនៅចំពោះវិជ្ជាជីវៈខ្លួនឯង? អាចទេខ្ញុំផ្សាយព័ត៌មានពិត មិនមានបញ្ហាដល់ខ្លួន (មិននិយាយរឿងនយោបាយទេ) និយាយត្រឹមរឿងសង្គមបច្ចុប្បន្ន ។ពេលខ្លះ ក្រុមឈ្មួញត្រូវរ៉ូវជាមួយសមត្ថកិច្ច ប្លន់យកដីរាស្ត្រ អ្នកកាសែតទៅផ្សាយត្រូវមានការរឹតត្បឹត គំរាមកំហែង ឧទាហរណ៍ ករណីនៅខេត្តបន្ទាយមានជ័យ ជាដើម ។
អ្នកកាសែតដដែល បានលើកឡើងថា ឆ្នាំក្រោយខ្ញុំសុំមិនចូលរួមបាយសាមគ្គីជាមួយនាយករដ្ឋមន្ត្រី មិនមែនខ្ញុំប្រឆាំងនឹងការណាត់ជួបជារួមទេ តែមិនបានអោយអ្នកកាសែតបានផ្តល់ព័ត៌មានពីសុខទុក្ខ និងភាពបិទបាំងរបស់មន្ត្រីថ្នាក់ក្រោមទៅរាជរដ្ឋាភិបាល ខ្ញុំសុំមិនចូលរួម បើគ្រាន់តែញ៉ាំបាយ ផឹកស្រា ស្តាប់ប្រសាសន៍សម្តេចតែម្ខាង។ អរគុណសន្តិភាពដែលអោយខ្ញុំមានថ្ងៃនេះ តែខ្ញុំក៏ត្រូវការសន្តិភាពសម្រាប់បងប្អូនអ្នកកាសែតទូទៅដែរ៕