មេរងប៉េអឹមម្នាក់ និងមន្ត្រីម្នាក់ ត្រូវឃុំខ្លួនករណីទារុណកម្មបណ្តាលឲ្យមនុស្សស្លាប់

បន្ទាយមានជ័យ ៖ តុលាការខេត្តបន្ទាយមានជ័យបានសម្រេចបញ្ជូនខ្លួនមន្ត្រីអាវុធហត្ថចំនួនពីររូបទៅកាន់ពន្ធនាគារនៅរសៀលថ្ងៃទី១៩ខែមករាឆ្នាំ២០២០នេះបន្ទាប់ពីរកឃើញថាជាប់ពាក់ពន្ធ័និងករណីធ្វើទារុណ្ឌកម្មលើពលរដ្ឋរហូតបាត់បង់ជីវិត។ការឃាត់ខ្លួនមន្ត្រីអាវុធហត្ថទាំងពីររូបខាងលើធ្វើឡើងបន្ទាប់ពីមានបទបញ្ជារបស់សម្តេចប្រមុខរាជរដ្ឋាភិបាលបញ្ជាអោយមានការចាប់ខ្លួនអ្នកដែលធ្វេីទារុណ្ឌកម្ម បណ្តាលអោយពលរដ្ឋម្នាក់ស្លាប់ នៅខេត្តបន្ទាយមានជ័យ ។

សូមរំលឹកផងដែរថា កាលពីអំឡុងចុងខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ នៅមុខសាលាខេត្តបន្ទាយមានជ័យមានករណីតវ៉ារឿងដីធ្លិី ។សមត្ថកិច្ចអាវុធហត្ថក៏បានធ្វើការឃាត់ខ្លួនមនុស្សចំនួន៥នាក់ដែលគេសង្ស័យថាជាមេក្លោងដឹកនាំអោយមានការតវ៉ា។ក្រោយការឃាត់ខ្លួនមនុស្សជាមេក្លោងទាំង៥នាក់នោះយកទៅឃុំឃាំងក្នុងទីបញ្ជាការអាវុធហត្ថ មនុស្សទាំង៥នាក់ក៏ត្រូវបានគេធ្វើទារុណ្ឌកម្មបណ្តាលអោយបុរសម្នាក់ត្រូវស្លាប់បាត់បង់ជីវិត បន្ទាប់ពីបញ្ជូនដល់ពន្ធនាគារបានមួយថ្ងៃ។ជនរងគ្រោះដែលស្លាប់មានឈ្មោះ ទុយ ស្រស់ អាយុ៣៤ឆ្នាំ មានទីលំនៅ ក្នុងភូមិជ្រៃ ឃុំ សឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃទី១៤ខែមករាឆ្នាំ២០២០នេះ មានប្រតិកម្មយ៉ាងខ្លាំងជុំវិញការស្លាប់នេះ។សម្តេចបានដាក់បទបញ្ជាអោយសមត្ថកិច្ច ត្រូវចាប់ខ្លួនអោយខានតែបាន មិនអាចលេីកលែង បានឡើយ ចំពោះអ្នកធ្វេីទារុណកម្ម នេះ។ក្នុងនោះសម្តេចបានបង្កើតគណៈកម្មាការបន្ទាន់មួយដើម្បីស្រាវជ្រាវនិងចាប់ខ្លួនជនដៃដល់និងអ្នកបញ្ជា។ក្រោយពីគណៈកម្មាការចុះស្រាវជ្រាវ ជាលទ្ធផលនៅរសៀលថ្ងៃទី១៨ខែមករាឆ្នាំ២០២០
បានឃាត់ខ្លួនមន្ត្រីអាវុធហត្ថ២រូបក្នុងនោះ ១-ឈ្មោះ ស ប៊ុនសឿង មានតួនាទីជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និង ២-ឈ្មោះ ឆយ រដ្ឋនា ជាជំនួយការការិយាល័យប្រឆាំងគ្រឿងញៀន។ការឃាត់ខ្លួនធ្វើឡើងបន្ទាប់ពីរកឃើញថាបានប្រើអំពើហឹង្សាវាយជនសង្ស័យពិតប្រាកដមែន ធ្វេសប្រហែសក្នុងការអនុវត្តន៍តួនាទី ភារកិច្ច ដោយឃាត់ជនសង្ស័យដាក់បញ្ចូលជាមួយយុវជនកំពុងអប់រំបន្សាបគ្រឿងញៀន និង បណ្តោយអោយក្មេងទាំងនោះវាយធ្វើបាបជនសង្ស័យ។

អយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យបានធ្វើការចោទប្រកាន់មន្ត្រីអាវុធហត្ថទាំងពីររូបពីបទហឹង្សាដោយចេតនាស្ថានទម្ងន់ទោសនិងហឹង្សាដិយចេតនាស្ថានទម្ងន់ទោសដោយសារមរណៈភាពនៃជនរងគ្រោះតាមបញ្ញតិនៃមាត្រា២១៨និងមាត្រា២២៤នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ក្រោយពីបានចម្លើយសារភាពជនត្រូវចោទ នៅរសៀលថ្ងៃ១៩ ខែ មករា ឆ្នាំ ២០២០ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទទាំងពីរបណ្តោះអាសន្ននៅពន្ធនាគារខេត្តដើម្បីបន្តនីតិវិធី៕