អ្នកជំនាញអាជ្ញាធរជាតិអប្សរាបកស្រាយអំពីចម្លាក់សត្វម្ករនៅជើងភ្នំគូលេនក្នុងសិល្បៈចម្លាក់ខ្មែរ

ខេត្តសៀមរាប ៖ ចម្លាក់ទោល «សត្វម្ករ» ដ៏ធំដែលបានចុះផ្សាយដោយបណ្តាញសង្គម កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ កន្លងមកនេះ មានទីតាំងនៅទំនប់ទឹកមុជជាទំនប់ទឹកបុរាណមួយនៅជើងភ្នំគូលេន ដែលស្ថិតនៅទិសពាយ័ព្យនៃរមណីយដ្ឋានប្រាសាទបេងមាលា ក្នុងភូមិសាស្រ្តភូមិទឹកលេច ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

តាមការចុះពិនិត្យជាក់ស្តែងរបស់អ្នកជំនាញអាជ្ញាធរជាតិអប្សរា ឃើញមានបំណែកវត្ថុសិល្បៈចំនួន១៤បំណែកដូចជា ចម្លាក់ក្បាលម្ករដ៏ធំ (បណ្តោយទំហំ២១៣០មីលីម៉ែត្រ ទទឹង៩៥០មីលីម៉ែត្រ និងកម្ពស់ទំហំ១០៩០មីលីម៉ែត្រ) ចំនួន០១ រួមទាំងបំណែកដងខ្លួនមានសណ្ឋានជាទរទឹកនិងគម្របទរព្រមទាំងបំណែកវត្ថុសិល្បៈផ្សេងៗទៀត ដែលនៅរាយប៉ាយក្បែរនោះ។ ប្រជាពលរដ្ឋមានជំនឿនិងគោរពបូជាបដិមានេះជាយូរមកហើយរហូតមកដល់បច្ចុប្បន្ន។ ក្រៅពីនោះ ក៏មានស្លាកស្នាមជាការដ្ឋានយកថ្មភក់ពីបុរាណជាច្រើនកន្លែងនៅក្បែរៗនោះដែរ។

លោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បញ្ជាក់ថាអាជ្ញាធរជាតិអប្សរានឹងបន្តការសិក្សាស្រាវជ្រាវបែបបុរាណវិទ្យា ដើម្បីដឹងច្បាស់ពីប្រវត្តិទីតាំងសម្រាប់ចងក្រងជាឯកសារ ការផ្សព្វផ្សាយ និងអភិរក្សដើម្បីលើកតម្លៃបេតិភណ្ឌជាតិ ព្រមទាំងថែរក្សាជំនឿរបស់ប្រជាពលរដ្ឋក្នុងតំបន់។

លោក អ៊ឹម សុខរិទ្ធី បុរាណវិទូនិងជាប្រធាននាយដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរអប្សរាបានឱ្យដឹងថា៖ ម្ករគឺជាត្រីសមុទ្រមួយប្រភេទ មានខ្លួនធំ ក្បាលខ្លីក្រម៉ុប ធ្មេញនិងចង្កូមស្ញាញគួរឱ្យសម្បើម។ ខ្មែរតែងហៅថាត្រីថ្ករឬឆ្លាមម្ករ។ ជាប្រភេទសត្វពេញនិយមតំណាលក្នុងរឿងព្រេងទេវកថារបស់ព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនា។

ខ្មែរបង្ហាញម្ករនៅតាមចម្លាក់លើជញ្ជាំងប្រាសាទ ហោរជាង ផ្តែរ និងចម្លាក់ទោល។ តាមទេវកថាព្រះឥសូរ ម្ករជាយាន្តជំនិះរបស់ព្រះនាងគង្គា តំណាងឱ្យទឹកបរិសុទ្ធ ជាទឹកមន្ត។ ដូច្នោះហើយបានជាម្ករមានវត្តមានយ៉ាងសំខាន់នៅតាមប្រាសាទនិងចម្លាក់។ ម្ករអាចមានទ្រង់ទ្រាយរូបភាពផ្សេងៗអាស្រ័យតាមរចនាបថសិល្បៈនៃសម័យកាលមួយៗ។ សិល្បករច្នៃប្រឌិតរូបភាពម្ករបន្តិចម្តងៗទៅតាមទេពកោសល្យរបស់ខ្លួន ហើយក៏ឃ្លៀងឃ្លាតពីធម្មជាតិរបស់ខ្លួនទៅ។

គេអាចមើលឃើញម្ករនៅក្នុងចម្លាក់សិល្បៈ នៅលើផ្តែរ បង្តាន់ដៃកាំជណ្ដើរ លើជញ្ចាំង នៅជ្រុងដំបូលនៃប្រាសាទដែលជាទបង្ហូរទឹក។ ម្ករក៏មានតួនាទីជាអ្នកយាមទ្វារដែរ។ ជាពិសេស ម្ករមានបង្ហាញខ្លួននៅកន្លែងបញ្ចេញទឹក មានទម្រង់ជាទរបង្ហូរទឹក ដែលភាសាបច្ចេកទេសហៅថា «សោមសូត្រ» មានទម្រង់ស្រដៀងតោ ឬនាគ ដោយមានប្រម៉ោយដូចដំរី ហើយបើកចំហរមាត់ផង។

ដោយពិនិត្យលើរចនាបថសិល្បៈរបស់ចម្លាក់ អ្នកជំនាញយល់ថា ប្រហែលស្ថិតក្នុងសតវត្សរ៍ទី១១ ដោយយោងតាមចម្លាក់បដិមាស្រដៀងនឹងរចនាបថសិល្បៈនៅប្រាសាទបេងមាលា ដែលរូបម្ករនេះទំនងជាឆ្លាក់និងរៀបចំជាក្បាលនៃទរទឹករបស់ស្ទឹងទឹកមុជ៕