និយ័តករទូរគមនាគមន៍កម្ពុជា ÷ ការទទួលលេខទូរស័ព្ទពីក្រៅប្រទេស មិនធ្វើឱ្យបាត់លុយពីធនាគាររបស់ម្ចាស់ទូរស័ព្ទទេ

ភ្នំពេញ ÷ និយ័តករទូរគមនាគមន៍កម្ពុជាបានចេញមកបំភ្លឺ ការទទួលលេខទូរស័ព្ទជនអនាមិកដែលស៊ីញ៉ូហៅពីក្រៅប្រទេស ដូចជាប្រទេសសាម័រ (Samoa) និងបណ្តាប្រទេសមួយចំនួនទៀតនោះ មិនពាក់ព័ន្ធនឹងការបាត់លុយពីធនាគាររបស់ម្ចាស់ទូរស័ព្ទ ដូចការបង្ហោះព័ត៌មានបំភ្លៃ នៅលើបណ្ដាញ Facebook នោះឡើយ។

ការចេញមកបំភ្លឺសាធារណៈជននៅពេលនេះ គឺនៅក្រោយពីបណ្តាញសង្គមបានចែករំលែកតគ្នាព័ត៌មាន ថាមានលេខទូរស័ព្ទពីក្រៅប្រទេសខលមក ហើយគ្រាន់យើចុចទទួលភ្លាម នឹងធ្វើឲ្យបាត់បង់ថវិកាដែលមាននៅក្នុងគណនីនោះភ្លាម។ លេខទូរស័ព្ទរបស់អនាមិកមួយចំនួន រួមមានលេខ +6857215458, 6857320014, +6867330021, +685715411 ដែលជាលេខទូរស័ព្ទបានស៊ីញ៉ូហៅពីប្រទេសសាម័រ (Samoa) ចូលមកកាន់លេខទូរស័ព្ទចល័តគ្រប់ប្រព័ន្ធរបស់អ្នកប្រើប្រាស់ទូរស័ព្ទចល័តនៅកម្ពុជា។ និយ័តករទូរគមនាគមន៍កម្ពុជា ចាត់ទុកព័ត៌មាននោះជាការបំភ្លៃ និងបំភ័យដល់សាធារណៈជន តាមរយៈការចែករំលែកតៗគ្នា នៅតាមបណ្តាញសង្គម។ ក្រសួងអះអាងថា មិនមានផលប៉ះពាល់ជាបច្ចេកទេស និងហានីយភ័យកើតចេញពីការស៊ីញ៉ូហៅនេះ រឺក៏ធ្វើឱ្យខាតបង់អ្វីៗនោះទេ។

តាមការការស្រាវជ្រាវ ការបកស្រាយ និងការបញ្ជាក់ពីបណ្តាប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបង្ហាញជាលក្ខណៈបច្ចេកទេសថា ក្នុងការលើកទទួល ឬការហៅទៅវិញលេខអនាមិកទាំងនោះមិនបានធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ ក្នុងការធ្វើឱ្យបាត់បង់ទិន្នន័យដែលផ្ទុកនៅក្នុងទូរស័ព្ទ ឬថវិកាក្នុងគណនីសេវាទូរស័ព្ទ ឬថវិកាដែលបានផ្ទុកក្នុងគណនីធនាគាររបស់ពួកគាត់ឡើយ ហើយអ្វីដែលជាហានីភ័យពិតប្រាកដជាក់ស្តែងនោះ ៖

ទី១ ៖ ក្នុងករណីអ្នកប្រើប្រាស់ទូរស័ព្ទចល័តក្នុងប្រទេសកម្ពុជាណាម្នាក់បានលើកទទួលលេខ អនាមិកដែលស៊ីញ៉ូហៅចូលមកនោះ គឺមិនបានធ្វើឱ្យបាត់បង់អ្វីទាំងអស់របស់អ្នកប្រើប្រាស់នោះ សូម្បីតែទិន្នន័យផ្ទុកក្នុងទូរស័ព្ទ ឬថវិកាផ្ទុកក្នុងគណនីសេវាទូរស័ព្ទ ឬថវិកានៅក្នុងគណនីធនាគារមានតែធ្វើឲ្យអ្នកស៊ីញ៉ូហៅលេខអនាមិកនោះ បាត់បង់ថ្លៃហៅចេញក្រៅប្រទេសរបស់ខ្លួនទៅវិញទេ ព្រោះមិនមានបច្ចេកទេសណាអាចអនុវត្តទៅបាននៅឡើយទេ។

ទី២ ៖ ក្នុងករណីអ្នកប្រើប្រាស់ទូរស័ព្ទចល័តក្នុងប្រទេសកម្ពុជាណាម្នាក់ បានហៅត្រលប់ទៅកាន់លេខអនាមិកដែលស៊ីញ៉ូហៅចូលមកនោះ គឺធ្វើឱ្យអ្នកប្រើប្រាស់នោះបាត់បង់ថវិកាក្នុងគណនីសេវាទូរស័ព្ទរបស់គាត់ សម្រាប់ការសន្ទ នាទូរស័ព្ទអន្តរជាតិ ឬហៅទៅក្រៅប្រទេស ដែលគិតទៅតាមអត្រាគិតលុយរបស់ប្រតិបត្តិករទូរស័ព្ទក្នុងស្រុក ដែលអ្នកប្រើប្រាស់នោះបានជាវយកមកប្រើប្រាស់ ក្នុងអត្រាតម្លៃមួយគិតទៅតាមទំហំនាទីសរុប ដែលអ្នកប្រើប្រាស់នោះបានសន្ទនា។

និយ័តករទូរគមនាគមន៍កម្ពុជា និងប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ដែលកំពុងធ្វើប្រតិបត្តិការសេវាទូរគមនាគមន៍នៅកម្ពុជា កំពុងតែយកចិត្តទុកធ្វើការនេះយ៉ាងម៉ឺងម៉ាត់ ត្រួតពិនិត្យលើផ្នែកបច្ចេកទេសក្នុងកិច្ចការពារផលប្រយោជន៍អ្នកប្រើប្រាស់ មិនឱ្យទទួលផលប៉ះពាល់ណាមួយជាយថាហេតុឡើយ៕