មន្ត្រីនាំពាក្យរាជរដ្ឋាភិបាលអំពាវនាវឲ្យអ្នកលក់ម៉ាស់កុំដំឡើងថ្លៃ

ភ្នំពេញ ÷ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យអ្នកលក់ម៉ាស់ កុំតម្លើងថ្លៃហួសហេតុពេក ក្នុងដំណាក់កាលដែលពលរដ្ឋត្រូវការម៉ាស់ការពារវីរុសប្រភេទថ្មីកូរ៉ូណា។ អ្នកនាំពាក្យក្រសួងសុខាភិបាលបានអះអាងថា មកដល់ពេលនេះ កម្ពុជា មិនទាន់មានវត្តមានវីរុសកូរ៉ូណា ដូចការផ្សាយតាមបណ្តាញសង្គមឡើយ។

ក្រោយពីផ្ទុះករណីវីរុសកូរ៉ូណា នៅទីក្រុងវូហាន ប្រទេសចិន ធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា មួយចំនួនមានការភ័យខ្លាច ខ្លាចឆ្លងមកដល់ប្រទេសកម្ពុជា។ មកដល់ពេលនេះ បើតាមការអះអាងពីមន្ត្រីអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានឲ្យដឹងថា មកដល់ពេលនេះ កម្ពុជា នៅមិនទាន់ មានវត្តមានវីរុសកូវែលកូរ៉ូណានៅឡើយទេ។ ក្រសួងសុខាភិបាល បានអំពាវ នាវឲ្យប្រជាពលរដ្ឋតាមដានព័ត៌មានដែលមានប្រភពច្បាស់លាស់ និងតាមដានផេកផ្លូវការរបស់ក្រសួង ហើយមិនត្រូវជឿលើការផ្សព្វផ្សាយលើបណ្តាញ សង្គម ដែលបង្កឲ្យមានភាពចលាចលនោះទេ។ នៅបណ្តាញសង្គម មានការចែករំលែក ព័ត៌មានថា វីរុសកូរ៉ូណា កំពុងមានវត្តមាននៅមន្ទីរពេទ្យរុស្ស៊ីមាន មនុស្ស២ទៅ៣នាក់បាននិងកំពុងមានជំងឺនេះ តែក្រសួងលាក់បាំង។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងថា អ្នកណាបំភ្លៃព័ត៌មានថា កម្ពុជាកំពុងមានជំងឺរលាកសួតចម្លងដោយ វិរុសកូរ៉ូណា នឹងចាត់ទុកជាបទឧក្រិដ្ឋ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យអ្នកលក់ម៉ាស់ ដំឡើងថ្លៃហួសហេតុពេក។ដោយសារវីរុសថ្មីនេះ ធ្វើឲ្យតម្រូវការនៃការប្រើប្រាស់ម៉ាស់ មានការកើនឡើងខ្ពស់ ប៉ុន្តែក៏មានជនឆ្លៀតឱកាស លក់តម្លើងថ្លៃម៉ាស ក្នុងពេលដែលប្រជាពលរដ្ឋកំពុងត្រូវការម៉ាស់។ បើតាមការបង្ហោះលើបណ្តាញសង្គម ប្រភេទម៉ាស់ N95 មួយមានតម្លៃ១៥ដុល្លារ ហើយក្នុងមួយប្រអប់តម្លៃ ដល់ទៅជាង២០០ដុល្លារ។

មហាជននៅលើបណ្តាញសង្គមនៅថ្ងៃនេះ ក៏បានប្រតិកម្មចំពោះ អ្នកដែលលក់ម៉ាស់តម្លើងថ្លៃហួសហេតុ ថាជាអ្នកឆ្លៀតឱកាស ចំណេញគ្មានពិចារណា។ ដោយឡែក និស្សិតខ្មែរចំនួន២៣នាក់ ដែលកំពុងសិក្សានៅទីក្រុងវូហាន ប្រទេសចិន ក៏ត្រៀមធ្វើដំណើរមកស្រុកកំណើតវិញក្នុងពេលដ៏ឆាប់។ ប៉ុន្តែ យ៉ាងណាជើងហោះហើរពីទីក្រុងវូហាន មកកាន់កម្ពុជាត្រូវបានបិទបណ្តោះអាសន្នទៅហើយ។ បើតាមនិស្សិតខ្មែរកំពុងសិក្សានៅវូហាន បានប្រាប់វិទ្យុអន្តរជាតិជាខេមរភាសាថា ស្ថានទូតខ្មែរប្រចាំនៅចិន បានទំនាក់ទំនង និងតាមដាន រាល់ថ្ងៃពីស្ថានភាពរបស់និស្សិតខ្មែរនៅទីនោះ។

អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន ឯ.ឧ ហេង ណារ៉េត នៅព្រឹកថ្ងៃទី២៧ មករានេះ បានអះអាងថា ជំងឺរលាកសួតចម្លងដោយ វីរុសកូរ៉ូណា មិនអាចមកដល់កម្ពុជាតាមខ្យល់បក់នោះទេ។ ជំងឺរលាកសួត មិនអាចរស់នៅបរិយាកាស ខាងក្រៅ ឬរស់នៅក្នុងលំហខ្យល់បានយូរឡើយ។

គួរបញ្ជាក់ថា ជំងឺរលាកសួតចម្លងដោយវីរុសកូរ៉ូណា បានសម្លាប់មនុស្សកើន ដល់៨០នាក់ និងមានអ្នកឆ្លងបានកើនឡើង រហូតដល់ជាង២៧០០នាក់ និងមានប្រទេសចំនួន១៣ផ្សេងទៀត បានឆ្លងវិរុសប្រភេទថ្មីនេះ។ នេះបើតាម ការចុះផ្សាយរបស់សារព័ត៌មាន CNN នៅរសៀលថ្ងៃនេះ៕