ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំពិធីក្រុងពាលី និង ចាប់ផ្តើមដំណើរការការដ្ឋានសាងសង់អគារទីស្តីការថ្មី នៅជាប់នឹងច្រកចេញចូលទីក្រុងរណបហ្គ្រេនភ្នំពេញអន្តរជាតិនាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ខណៈអគាររបស់ក្រសួងសព្វថ្ងៃដែលនៅជាប់មហាវិថីព្រះមុនីវង្ស នឹងត្រូវប្រគល់ឱ្យទៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់។នេះយោងតាមសេចក្តីជូនដំណឹងបានឲ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានជូនដំណឹងថា ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ នឹងរៀបចំពិធីក្រុងពាលី និង ចាប់ផ្តើមដំណើរការការដ្ឋានសាងសង់អគារទីស្តីការថ្មី នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ទីតាំងទីស្តីការថ្មីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ត្រូវបានគេស្គាល់ថា ស្ថិតនៅជាប់នឹងខាងជើងក្លោងទ្វារក្រុងរណបហ្ក្រេនភ្នំពេញ អន្តរជាតិ នាភាគខាងជើងនៃរាជធានី ជាតំបន់កំពុងមានការអភិវឌ្ឍខ្លាំងផ្នែកលំនៅឋាន។
សូមជម្រាបថា ថាអគារទីស្តីការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់សព្វថ្ងៃនៅជាប់មហាវិថីព្រះមុនីវង្ស ជាកន្លែងមានការកកស្ទះចរាចរណ៍ រាល់ថ្ងៃដោយសារទីតាំងចង្អៀតគ្មានកន្លែងចតរថយន្តក្រោមដី។ ឯមន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់រាជធានីភ្នំពេញក៏ស្ថិតនៅជាប់ខាងក្រោយរបស់ក្រសួងនេះដែរ៕