EU គាំទ្រការរីកចម្រើនក្នុងវិស័យអប់រំនៅកម្ពុជានាពេលបច្ចុប្បន្ន

បាត់ដំបង ៖ លោក Franck VIAULT ជាអគ្គទីប្រឹក្សា និងជាប្រធានសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុប បានវាយតម្លៃពីវិស័យអប់រំនៅកម្ពុជាថានាពេលបច្ចុប្បន្នមានការរីកចម្រើនច្រើន ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធនិងប្រាក់បៀរវត្សចំពោះលោកគ្រូ អ្នកគ្រូ រួមទាំងការខិតខំរបស់រាជរដ្ឋាភិបាលនិងការចូលរួមរបស់ដៃគូអភិវឌ្ឍន៍ផងនោះ ធ្វើឲ្យកុមារនៅកម្ពុជាដែលមានអាយុគ្រប់ចូលរៀនក្នុងមួយឆ្នាំៗស្ទើរតែ ១០០ភាគរយ(បានចុះឈ្មោះចូលរៀន) ។

ការលើកឡើងបែបនេះ ក្នុងពិធីប្រារព្ធខួប៣០ឆ្នាំនៃការការពារសិទ្ធិកុមារ កាលពីព្រឹកថ្ងៃទី០២ខែកុម្ភៈឆ្នាំ២០២០ នៅបរិវេណសាលាបឋមសិក្សា២ធ្នូ ក្រោមអធិបតីភាព លោក Franck VIAULT ជាអគ្គទីប្រឹក្សា និងជាប្រធានសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុប ព្រមទាំងលោកគ្រួអ្នកគ្រួ អាជ្ញាធរមួលដ្ឋានផងដែរ។

លោក Franck VIAULT ជាអគ្គទីប្រឹក្សានិងជាប្រធានសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុប បានមានប្រសាសន៍តាមរយៈអ្នកបកប្រែថាសហភាពអឺរ៉ុប (EU)សហការជាមួយរាជរដ្ឋាភិបាល ធ្វើឲ្យវិស័យអប់រំនៅកម្ពុជាមានការរីកចម្រើន តាមរយៈការផ្ដល់ជំនួយដល់អង្គការនានា ធ្វើការងារអប់រំនៅតាមមូលដ្ឋាន ក្នុងការចុះជួយកុមារដោយផ្ទាល់ឬសាងសង់ជាហេដ្ឋារចនាសម្ព័ន្ធមានសាលារៀន ការធ្វើកំណែរទម្រង់ក្នុងក្រសួងអប់រំ ធ្វើឲ្យមន្ត្រីអប់រំធ្វើការមានប្រសិទ្ធភាពដើម្បីជាប្រយោជន៍ដល់កុមារ។ការខំប្រឹងរបស់រាជរដ្ឋាភិបាលនិងការចូលរួមពីអង្គការដៃគូនេះ ធ្វើឲ្យវិស័យអប់រំនៅកម្ពុជា នាពេលបច្ចុប្បន្ន មានការរីកចម្រើនច្រើន ដោយកុមារគ្រប់អាយុចូលរៀនប្រមាណ៩៧ភាគរយ បានចូលរៀនដែលលទ្ធផលនេះ ធ្វើឲ្យអង្គការដៃគូបានចូលរួមអភិវឌ្ឍន៍ដែលមានសហភាពអឺរ៉ុបមានការពេញចិត្ត។ជាគោលដៅជួយឲ្យកុមារនិងយុវជននៅកម្ពុជា មានភាពឆ្លាតវៃនិងកាត់បន្ថយគម្លាតពីយុវជននៅក្នុងតំបន់នោះ សហភាពអឺរ៉ុប EU បានគាំទ្រឲ្យមានការចាប់ដៃគូររវាងសាកលវិទ្យាល័យនៅកម្ពុជាចំនួន៣១និងសាកលវិទ្យាល័យជាង១០០ ក្នុងបណ្ដាប្រទេសជាង២០នៅអឺរ៉ុប ដែលសហការគ្នាតាមរយៈផ្លាស់ប្តូរជំនាញដល់គ្នាទៅវិញទៅមក។

លោកជំទាវ ផាវ៉ាន់ សាកឿត អនុប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ស្ត្រីនិងកុមារខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងអំណរគុណដល់សហភាពអឺរ៉ុបនិងអង្គការដៃគូអភិវឌ្ឍន៍នានា ដែលបានសហការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឲ្យកុមារនិងយុវជនកម្ពុជា មានឱកាសចូលរួមប្រកួតប្រជែងពាក់ព័ន្ធនឹងវិស័យអប់រំនៅថ្នាក់តំបន់និងថ្នាក់អន្តរជាតិ ហើយទទួលបានលទ្ធផលល្អជាបន្តបន្ទាប់។

លោកជំទាវ ផាវ៉ាន់ សាកឿត បានជំរុញដល់លោកគ្រូ អ្នកគ្រូ បន្តអភិវឌ្ឍន៍វិស័យអប់រំថែមទៀត ដើម្បីឲ្យកម្ពុជាមានធនធានមនុស្សកាន់តែច្រើន ចូលរួមអភិវឌ្ឍន៍ប្រទេស ហើយកុមារនិងយុវជន ត្រូវខំរៀនសូត្រទាំងជំនាញខ្លី វែង ដោយនាំគ្នាចូលរួមអនុវត្តន៍ច្បាប់កម្ពុជាទាំងអស់ឲ្យបានខ្ជាប់ខ្ជួននិងមិនត្រូវសេពគប់គ្រឿងញៀនជាដាច់ខាត៕