អាជ្ញាធរដាំដើមត្នោតពេជ្រជាច្រើនដើមនៅលើសួនច្បារ មុខដេអិន ដើម្បីបង្កើនសោភ័ណភាព

ភ្នំពេញ ៖ ដើមត្នោតពេជ្រជាច្រើនដើម ដែលរដ្ឋបាលរាជធានីភ្នំពេញបានដាំនៅលើសួនច្បារ DN ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សីមុខក្រសួងការពារជាតិ ក្នុងខណ្ឌ ៧មករា កាលពីអំឡុងឆ្នាំ២០១៩កន្លងទៅមកដល់ ពេលនេះបាននិងកំពុងបង្អួតសម្រស់យ៉ាងស្រស់ស្អាតនិងទាក់ទាញទេសចរណ៍ និងបានធ្វើឱ្យរាជធានីភ្នំពេញលើកសោភ័ណ្ឌភាពរាជធានីរីកស្រស់បំព្រងមួយកម្រិតថែមទៀត។

លោក សំ សាមុត ប្រធានអង្គភាពសួនច្បារនិង រុក្ខជាតិនៃមន្ទីរសាធារណការនិងដឹក ជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកនេះថា អនុវត្តតាមការណែនាំពី ឯ.ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញបានដាំកាលពីអំឡុងឆ្នាំ២០១៩ បានដាំដើមត្នោតពេជ្រជាច្រើនដើមនៅលើសួនច្បារ DN ក្រោយពីបានដាំស្មៅនិងផ្ការួច ដើម្បីលើកសោភ័ណ្ឌភាពរាជធានីឱ្យកាន់តែរីកស្រស់បំព្រងថែមមួយកម្រិតទៀត។

លោកបន្តថា ៖ ការដាំដើមត្នោតពេជ្រនៅលើសួនច្បារ DN នេះ មួយចំណែកគឺដើម្បីលើក សោភ័ណ្ឌភាពរាជធានីភ្នំពេញឲ្យកាន់តែមានភាពស្រស់បំព្រង ទាក់ទាញភ្លៀវទេចរណ៍ជាតិនិងអន្តរជាតិ ដោយសារសួនច្បារនេះ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីដែលជាមហាវិថីមួយត្រូវបានភ្ញៀវជាតិនិងអន្តរជាតិធ្វើដំណើរឆ្លងកាត់រាល់ថ្ងៃ។
ក្រៅពីលើកសោភ័ណ្ឌភាព រាជធានីភ្នំពេញ វាក៏ជាកន្លែងសម្រាប់ឲ្យប្រជាពលរដ្ឋបានហាត់ប្រាណ ទាំងពេលព្រឹកនិង ពេលល្ងាចផងដែរ ដែលតម្រូវឱ្យរដ្ឋបាលរាជធានីធ្វើការថែទាំរាល់ថ្ងៃ។

លោកបន្តថា ៖ សួនច្បារសាធារណៈមួយចំនួននៅក្នុងរាជធានីភ្នំពេញត្រូវបានមើលថែដោយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនិងខណ្ឌចំនួន៤នៅកណ្តាលក្រុង ក្នុងនោះមានខណ្ឌដូនពេញ ចំការមន ៧មករា និងខណ្ឌទួលគោក។ចំណែកខណ្ឌ៨ខណ្ឌទៀតទទួលខុសត្រូវមើលថែទាំដោយក្រុមហ៊ុនឯកជន។

គួរបញ្ជាក់ផងដែរថា ៖ ក្រោមការដឹកនាំរបស់ លោក ឃួង ស្រេង បានធ្វើការកែសម្រួលសួនច្បារសាធារណៈនានានៅក្នុងរាជធានីភ្នំពេញជាមួយនិងការស្ថាបនាបង្គន់សាធារណៈស្អាតៗនិងមានស្តង់ដាដាក់តាមសួនច្បារជាច្រើនកន្លែង។
ដោយហេតុថា សួនច្បារមិនត្រឹមតែជាកន្លែងទាក់ទាញភ្ញៀវជាតិអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងមួយ ទុកឱ្យប្រជាពលរដ្ឋបានអង្គុយលេងកំសាន្តនិងហាត់ប្រាណផងដែរ។ផ្តើមចេញពីបញ្ហានេះទើបរដ្ឋបាលរាជធានីភ្នំពេញបានធ្វើការកែសម្រួលធ្វើយ៉ាងណាឲ្យតាមបណ្ដាលសួនច្បារនីមួយៗគឺសុទ្ធតែ ដើមឈើ និងមានកន្លែងសំរាប់ឱ្យប្រជាពលរដ្ឋបានហាត់ប្រាណ ព្រោះថាការហាត់ប្រាណជាឱសថដ៏សក្កិសិទ្ធក្នុងការព្យាបាលជម្ងឺគ្រប់ប្រភេទ៕