ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ ធ្វើតេស្តលើម្ហូបអាហារ ៤៣មុខ រកឃើញ២មុខមានសារធាតុគីមីបូរ៉ាក់ និង៤មុខ សង្ស័យជាប់កាកសំណល់ថ្នាំគីមី សម្លាប់សត្វល្អិត ដែលបណ្តាលឲ្យប៉ះពាល់សុខភាពអ្នកទទួលទាន។ការធ្វើតេស្តនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងផ្សាររ៉ា ស្ថិតនៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ការយកគំរូមុខទំនិញម្ហូបអាហារ មានត្រី សាច់ បន្លែ លត បាញ់ឌុក ផ្លែឈើ និងគ្រឿងសមុទ្រ ដែលបានដកហូតមកពីផ្សាររ៉ា នៅក្រុងប៉ោយប៉ោយប៉ែត ភាគច្រើនអាជីវករនាំចូលពីប្រទេសថៃ និងមួយចំនួនតូចដាំដុះក្នុងស្រុក ឃើញថា ការធ្វើតេស្តជាបឋមនៅមន្ទីរពិសោធន៍ខ្នាតតូចនៅក្រុងប៉ោយប៉ែត ទាំង៤៣មុខ រកឃើញ២មុខលាយសារធាតុគីមីបូរ៉ាក់ក្នុ ងកំរិតច្រើន ដាក់នៅលើនំបាញ់ឌុក និងសសៃលត។ ការដាក់នៅក្នុងបាញ់ឌុក និងលត នេះ ត្រូវបានរកឃើញ និងបានធ្វើការណែនាំដល់អាជីវករជាច្រើនដងមកហើយដែរ ដែលមានទីតាំងផលិតនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយឥលូវនៅតែមានលាយសារធាតុគីមីបូរ៉ាក់នេះ នៅក្នុងនំ បាញ់ឌុក និងលត ដដែល។
លោកបន្ថែមថា ក្រុមការងារកំពុងតាមដានឲ្យស៊ីជម្រៅនៅទីតាំងផលិតនោះ ហើយនិងអនុវត្តជាក់ស្តែងទៅតាមទំហំនៃការផលិតនោះ ជាមួយនិងអាជីវករ។
លោកប្រធានសាខាកាំកុងត្រូលក៏បានបញ្ជាក់ពីការទទួលទានចំណីអាហារដែលមានសារធាតុគីមីបូរ៉ាក់ថាបានធ្វើឲ្យប៉ះពាល់ដល់ក្រពះ ពោះវៀន ងងឹតមុខ ឈឺក្បាល វិលមុខ ឆ្អល់ពោះ បើធ្ងន់ធ្ងរបាត់បង់ផ្លូវបន្តពូជ បើធ្ងន់ធ្ងរខ្លាំងនោះ អាចកើតជំងឺមហារីក បើសិនទទួលទានវាសុទ្ធត្រឹម៥ក្រាម សំរាប់កូនក្មេង និង១៥ក្រាមសំរាប់មនុស្សចាស់ វានិងក្អួតឈាមស្លាប់តែម្តង។
លោក សាន វិជ្ជសារ៉ាវុធ បញ្ជាក់ថា ក្រៅពី បាញ់ឌុក និងលត មានផ្លែឈើចំនួន ៤មុខទៀត មានផ្លែប៉ម ផ្លែស្តូបឺរី ផ្លែសារី និងក្តិបឪឡឹក ដែលការធ្វើតេស្តបឋមវាមានពណ៌ដែលធ្វើឲ្យមានការសង្ស័យថា មានជាប់កំណកថ្នាំគីមីសម្លាប់សត្វល្អិត ហើយផ្លែឈើទាំងនេះ និងយកទៅពិសោធន៍បន្ថែមទៀតនៅមន្ទីរពិសោធន៍ខ្នាតធំ នៅអគ្គនាយកដ្ឋានកាំកុងត្រូលនៅរាជធានីភ្នំពេញ។ចំពោះថ្នាំសម្លាប់សត្វល្អិតនេះ ប៉ះពាល់ដល់អ្នកទទួលទាន ធ្វើឲ្យស្រវាំងភ្នែក ក្អួតចង្អោ ថប់ដង្ហើម បើករណីធ្ងន់ធ្ងរអាចសន្លប់។
លោកបញ្ជាក់បន្ថែមថា ថ្វីត្បិតតែសមត្ថកិច្ចមន្ត្រីជំនាញកាំកុងត្រូលបានរំកិលពីព្រំដែនចូលមកក្នុងបន្តិចមែន ប៉ុន្តែ នៅតែបន្តការងារយ៉ាងសកម្ម ឈរលើតួនាទីភារកិច្ចគិតគូរដល់សុខភាព សុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ តាមរយៈការដកហូតគំរូទំនិញពីទីផ្សារមកធ្វើតេស្តសុវត្ថិភាព៕