កូរ៉េ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី៤ ខែកុម្ភៈបានជួបពិភាក្សាការងារជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន នៅសាធារណៈកូរ៉េ។ ប្រធានាធិបតី មូន ជេអ៊ីន បានបញ្ជាក់ជូនសម្តេចតេជោ កូរ៉េ នឹងបន្តជួយទិញកសិផលពីកម្ពុជាបន្ថែមទៀត ពិសេសបន្តកៀរគរវិនិយោគិនកូរ៉េ មកកាន់កម្ពុជាបន្ថែមទៀត។
នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េ បានក្លាយទៅជាទំនាក់ទំនងស៊ីជម្រៅ ពេញលេញ ក្រោយពីការបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦ ព្រមជាមួយកិច្ចព្រមព្រៀងជាច្រើន ដែលរដ្ឋាភិបាលទាំងពីរបានចុះហត្ថលេខាជាមួយគ្នា ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកប្រធានាធិបតីកូរ៉េ បានគូសបញ្ជាក់ថា ទំនាក់ទំនងប្រទេសទាំងពីរ បានឡើងដល់កម្រិតមួយចាស់ទុំ និងបានបញ្ចប់កិច្ចព្រមព្រៀងពាក់ព័ន្ធជាមួយគ្នា ការផ្តល់ជំនួយផ្នែកច្បាប់ និងកិច្ចព្រមព្រៀង ស្ដីពីការមិនយកពន្ធត្រួតគ្នារវាងប្រទេសទាំងពីរ។ សម្ដេចតេជោ ពិតជារីករាយដែលបានឃើញកិច្ចព្រមព្រៀងការមិនយកពន្ធត្រួតគ្នា ដែលត្រូវបានចុះហត្ថលេខាកាលពីចុងឆ្នាំ២០១៩ ដែលកិច្ចព្រមព្រៀងនឹងផ្តល់ភាពងាយស្រួល សម្រាប់អ្នកវិនិយោគប្រទេសទាំងពីរ ក្នុងការបណ្ដាក់ទុនរកស៊ី។ សម្ដេចបានបញ្ជាក់ថា ការកែទម្រង់ការវិនិយោគ នឹងផ្ដល់ឱកាសសារជាថ្មីចំពោះអ្នកវិនិយោគ ហើយសម្តេចសង្ឃឹមថា លោកប្រធានាធិបតី នឹងជួយជំរុញឲ្យអ្នកវិនិយោគិនកូរ៉េ បន្តមកដាក់ទុនវិនិយោគនៅកម្ពុជា។
សម្ដេចបានបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកម្ពុជា-កូរ៉េ បានបន្តកើនឡើង២០១៩ កន្លងទៅ។ ក្នុងន័យនេះសម្ដេចតេជោ ចង់ឃើញឲ្យមានការនាំចេញផលិតផលរបស់កម្ពុជាបន្ថែមទៀតមកកាន់ទីផ្សារកូរ៉េ។ សម្ដេចតេជោ បានស្នើឱ្យឯកឧត្តមប្រធានាធិបតីកូរ៉េ ជួយគាំទ្រក្នុងការពង្រឹងការវិនិយោគលើវិស័យកសិកម្មនៅប្រទេសកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងជំរុញការកែច្នៃផលិតផលកសិកម្មសម្រាប់នាំចេញមកកាន់កូរ៉េផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏ស្នើឲ្យកូរ៉េបន្ត កិច្ចព្រមព្រៀងចាស់ពាក់ព័ន្ធវិស័យទេសចរណ៍ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ ពាក់ព័ន្ធជាមួយនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ សម្ដេចអរគុណដល់រដ្ឋាភិបាលកូរ៉េ ដែលបានជួយក្នុងការផ្ដល់ឥណទានដល់កម្ពុជា ជាពិសេសចាប់ពីឆ្នាំ២០១៩ ដល់២០២០ មានការកើនឡើងពី៣៥០ ទៅ៧០០ លានដុល្លារសហរដ្ឋអាមេរិក។ ឥណទាននេះ នឹងជួយក្នុងការតភ្ជាប់ នឹងការពង្រឹងវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជាពីខេត្តមួយទៅខេត្តមួយ តាមរយៈឥណទានក្នុងការកសាង ផ្លូវជាតិលេខ២២ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៤៨ផងដែរ។ សម្ដេចក៏ចង់ឃើញសាធារណរដ្ឋកូរ៉េ ជួយសាងសង់ស្ពានដែលធ្វើឡើង ដោយសាធារណរដ្ឋកូរ៉ ជាពិសេសស្ពានឆ្លងកាត់ទន្លេមេគង្គ ត្បិតបច្ចុប្បន្នកម្ពុជា មានស្ពានមិត្តភាពកម្ពុជា ចិន ស្ពានមិត្តភាពកម្ពុជា ជប៉ុន។ សម្ដេចតេជោ ស្នើឲ្យរដ្ឋាភិបាលកូរ៉េ ពិចារណាក្នុងការជួយការកសាងស្ពាននៅពេលខាងមុខផងដែរ។
លោកប្រធានធិបតីកូរ៉េ បានបញ្ជាក់ថា កូរ៉េ បានបង្កើតមជ្ឈមណ្ឌលកសិកម្មនៅកម្ពុជារួចហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋកូរ៉េ កាន់តែរីករាយជាមួយនឹងផលិតផលផ្លែស្វាយពីប្រទេសកម្ពុជា និងទិន្នផលផលិតផលផ្សេងទៀត ។ លោក បានបញ្ជាក់ផងដែរថា ភាគីទាំងពីរ មានឱកាសក្នុងការធ្វើកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទនៅកម្ពុជាបន្ថែមទៀត។ លោកបញ្ជាក់ថា នឹងខិតខំជំរុញឲ្យវិនិយោគិន និងក្រុមហ៊ុនកូរ៉េមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ឱ្យបានកាន់តែច្រើន និងការចាប់យកឱកាសក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅកម្ពុជាផងដែរ។ ពាក់ព័ន្ធជាមួយបញ្ហាពលករ រដ្ឋាភិបាលកូរ៉េ អរគុណដល់កម្ពុជា ក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចរបស់កូរ៉េ នឹងបន្តការយកចិត្តទុកដាក់ចំពោះពលកររបស់កម្ពុជា៕