ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 កើនដល់១,៨៦៨នាក់នៅប្រទេសចិន

ចិន ៖ ចំនួនអ្នកស្លាប់ដោយសារការឆ្លងវីរុសថ្មី COVID-19 ឬកូរ៉ូណាថ្មីនៅក្នុងប្រទេសចិនបានកើនឡើងដល់១,៨៦៨នាក់ និងឆ្លងជាង៧២,៥០០នាក់នៅថ្ងៃអង្គារ ១៨ កុម្ភៈនេះបន្ទាប់ពីមនុស្ស៩៣នាក់ទៀតបានស្លាប់នៅក្នុងខេត្តហ៊ូប៉ីដែលជាតំបន់រងការវាយប្រហារដ៏ខ្លាំងបំផុត។ នេះបើយោងតាមសារព័ត៌មាន CNA។

អាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១,៨៦៨នាក់ បន្ទាប់ពីថ្ងៃច័ន្ទម្សិលមិញនេះ មានអ្នកជំងឺ COVID-19 ចំនួន៩៨នាក់ទៀត ដោយឡែកមនុស្សឆ្លងជំងឺ COVID-19 ថ្មីទៀតមានចំនួន ១,៨៨៦នាក់នៅតាមបណ្តាខេត្ត និងតំបន់មួយចំនួនរបស់ចិន។

ជាមួយគ្នានោះក្រុមអ្នកជំនាញ និងក្រុមវេជ្ជបណ្ឌិតចិនក៏បានប្រកាសថា ផ្អែកលើលទ្ធផលនៃការព្យាបាលសាកល្បងបានទទួលស្គាល់ថា ក្លរ៉ូគីន ហ្វូស្វាត (Chloroquine Phosphate) ដែលជាថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់ មានប្រសិទ្ធភាពជាក់ស្ដែងក្នុងការព្យាបាលវីរុសកូរ៉ូណាថ្មី COVID-19។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃចន្ទនេះ លោកស្រី Sun Yanrong បានបន្ថែមដូច្នេះថា ៖ «ក្រុមអ្នកជំនាញបានឯកភាពគ្នាជាឯកច្ឆ័ន ក្នុងការសន្មតថា ថ្នាំក្លរ៉ូគីន ហ្វូស្វាត នឹងត្រូវបានដាក់បញ្ចូលទៅក្នុងវិធីសាស្ត្រព្យាបាល វីរុសកូរ៉ូណា ឬ Covid-19 ហើយការព្យាបាលសាកល្បង ទ្រង់ទ្រាយធំនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះតាមដែលអាចធ្វើទៅបាន»៕