ភ្នំពេញ ៖ ឧកញ៉ា គិត ធាង អតីតម្ចាស់មជ្ឈមណ្ឌលកម្សាន្តរ៉ុក ត្រូវបានគេរាយការណ៍ថា បានបង្ហាញមុខជាលើកដំបូងក្នុងសវនាការសំណុំរឿងជួញដូរគ្រឿងញៀនដ៏ធំកាលពីពេលកន្លងទៅ រហូតត្រូវបានសមត្ថកិច្ចចាប់ខ្លួនឧកញ៉ាដ៏មានឥទ្ធិពលម្នាក់នេះដាក់ពន្ធនាគារ បើទោះ ជាវត្តមានឧកញ៉ាម្នាក់នេះស្ថិតនៅក្នុងមន្ទីរពេទ្យរុស្ស៊ីក្រោយការចាប់ខ្លួន រហូតមកដល់ថ្ងៃនេះ ក៏ដោយចុះ ។
តាមព័ត៌មានទទួលបានគឺបន្ទាប់ពីបើកសាវនាការជាច្រើនលើកច្រើនសារនាពេលកន្លងទៅដោយគ្មានវត្តមាន ឧកញ៉ា គិត ធាង នោះ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នេះ តុលាការ រាជធានីភ្នំពេញ អាចបញ្ជាឲ្យមន្ត្រីពន្ធនាគារនាំខ្លួនមេក្លោងជួញដូរគ្រឿងញៀន និងជាម្ចាស់ មជ្ឈមណ្ឌល កម្សាន្ត រ៉ុក យកទៅឈនៅក្នុងរង្វង់ក្រចកសេះ ដើម្បីសួរចម្លើយ។
ជនជាប់ចោទឈ្មោះ គិត ធាង មានងារជាឧកញ៉ា ដែលជាថៅកែជួញដូរគ្រឿងញៀន ប្រចាំមជ្ឈមណ្ឌលកម្សាន្ត រ៉ុក ត្រូវបានមន្ត្រីពន្ធនាគាររាជធានីភ្នំពេញ (PJ) នាំខ្លួនទៅ កាន់សវនាការ នៃសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែមិនបានដាក់ខ្នោះដៃដូច ជនជាប់ចោទដទៃទៀតឡើយ។
ប៉ុន្តែគេកត់សម្គាល់ឃើញថា ជនជាប់ចោទឈ្មោះ គិត ធាង បាន ចូលក្នុងសវនាការដោយមានសម្លៀកបំពាក់ធម្មតា មិនដូចជនជាប់ចោទផ្សេងៗទេ ដោយពាក់ អាវដាក់ក្នុងខោក្រវ៉ាត់ដោយខ្សែក្រវ៉ាត់មានតម្លៃ ជាមួយនឹងម៉ាសការពារមុខ ថែមទៀត ។
សូមជម្រាបជូនថា សំណុំរឿង ជួញដូរគ្រឿងញៀនដ៏ធំ នៅក្នុងមជ្ឈមណ្ឌលកម្សាន្ត រ៉ុក ដែលមានលោកឧកញ៉ាជាមេខ្លោង មានជនជាប់ចោទប្រមាណជិត ៣០នាក់ មានលោក អ៊ឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ និងលោក សុក កែវបណ្ឌិត ជាតំណាងអយ្យការ ដែលធ្វើឡើងដោយអសាធារណៈ ដោយតុលាការពុំអនុញ្ញាតឲ្យអ្នកមិនជាប់ពាក់ព័ន្ធ និងអ្នកសារព័ត៌មាន ចូលស្តាប់នោះទេ ក្រោមហេតុផលថា សំណុំរឿងនេះ មានជនជាប់ចោទជាអនីតិជន។
គួរបញ្ជាក់ថា កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជន ជាប់ចោទ អតីត ឧកញ៉ា គិត ធាង កាលពីល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ទៅតាមដីការបស់ តុលាការ បន្ទាប់ពីរកឃើញថា អតីតឧកញ៉ារូបនេះ គឺជាមេខ្លោងបើកឲ្យមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងមជ្ឈមណ្ឌល រ៉ុក (ROCK) អស់ជាច្រើនឆ្នាំមកហើយ។
ក្រោយពីតុលាការសម្រេចចេញដីកាឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ (PJ) ជាបណ្តោះ អាសន្ន ឧកញ៉ា គិត ធាង បានសុំដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ីរហូត មកដល់ពេលនេះ ហើយបើទោះជាមានការបើកសវនាការជំនុំជម្រះក្តីលើជនជាប់ ចោទជាឧកញ៉ាថៅកែជួញដូរគ្រឿងញៀនរូបនេះក្តីក៏ពុំដែលឃើញឧកញ៉ារូបនេះមានវត្តមាន ក្នុងសវនាការនោះឡើយ ៕