សមាគមចលនាយុវជនកម្ពុជា បន្តជួយឧបត្ថម្ភជនចាស់ជរា ពិការនៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ គ្រឿងឧបភោគ បរិភោគ ដែលជាអំណោយរបស់សប្បុរសជនតាមរយៈសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ ត្រូវបាននាំយកទៅចែកជូនដល់ដៃបងប្អូនប្រជាពលរដ្ឋចំនួន៦គ្រួសារនៅក្នុងភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃដែលកំពុងជួបប្រទះនូវការខ្វះខាតព្រោះតែទីទ័លក្រ។ការចែកជូនធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ក្រោមការចូលរួមពីអាជ្ញាធរដែនដីនិងកងកម្លាំងគ្រប់ប្រភេទ។

លោក គង់ រិទ្ធា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ បានប្រាប់ថា ក្រោមការយកចិត្តទុកដាក់និងណែនាំពីសំណាក់ឯកឧត្តម ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ជនចាស់ជរា ជនពិការនិងមានជំងឺប្រចាំកាយខ្វះខាតជួបការលំបាក និងក្មេងងាយរងគ្រោះត្រូវបានទទួលការជួយជ្រោមជ្រែង ផ្តល់ការយកចិត្តទុកដាក់និងជួយឧបត្ថម្ភ។ ជាក់ស្តែងដោយទទួលបានព័ត៌មានថា មានជនចាស់ជរាជនពិកានិងមានជំងឺប្រចាំចំនួន៦គ្រួសាររស់នៅភូមិសាស្ត្រខាងលើដែលកំពុងជួបការលំបាក លោកបានដឹកនាំ សមាជិក និងកៀងគរសប្បុរសជនដើម្បី ជួយដល់ពួកគាត់។ក្រោយប្រមូលបានសម្ភារ និងគ្រឿងឧបភោគបរិភោគពីសប្បុរសជនសមាគមន៍បានធ្វើការបែងចែកនិងប្រគល់ជូន ក្នុង១គ្រួសារ អង្ករ៥០គីឡូក្រាម ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ មី១កេះស្ករស១គីឡូក្រាម អំបិល១គីឡូក្រាម ប៊ីចេង១កញ្ចប់ សាប៊ូ១កញ្ចប់ ប្រេងឆា២ដប ទឹកបរិសុទ្ធ១យួរ ត្រីខ១០កំប៉ុង ។ដោយឡែកគ្រួសារទាំង៦គ្រួសារ មានចាស់ជរា៣គ្រួសារត្រូវបានទទួលទឹកប្រាក់បន្ថែម៥ម៉ឺនរៀល ហើយសម្រាប់១គ្រួសារដែលមានជំងឺធ្ងន់ទទួលបានទឹកប្រាក់ព្យាបាល៦៦ម៉ឺនរៀល ជនពិកាដំបៅជើង២៣ម៉ឺនរៀល និងជនពិកាខ្វះខាត១គ្រួសារនៅសង្កាត់ប៉ោយប៉ែតទទួលបានថវិកា១០ម៉ឺនរៀល៕