អ្នកនិពន្ធភ្លេងបទ “កូនយំល្វើយៗ” ក្រឡាប់ឡានរហូតដល់ផ្ទុះឆេះនៅខេត្តរតនគីរី

ភ្នំពេញ ៖ លោក ចក់ ដែលជាអ្នកនិពន្ធបទភ្លេងក្នុងក្រុម “ចចកសមុទ្រ” និងជាអ្នកនិពន្ធបទភ្លេងបទចម្រៀងកំពុងល្បីរបស់លោកព្រាប សុវត្ថិ “កូនយំល្វើយៗ” បានជួបគ្រោះថ្នាក់រថយន្តនៅលើដងផ្លូវរហូតដល់ផ្ទុះឆេះខូចខាតរថយន្តទាំងស្រុង។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីតាំងភូមិសាស្ត្រនៃភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។ មិនមានតួលេខនៃអ្នករបួសនោះ ឬស្លាប់ក្នុងហេតុការណ៍នេះទេ ប៉ុន្តែរថយន្តមួយគ្រឿងម៉ាក ហាយឡេនឌឺរ ត្រូវភ្លើងឆាបឆេះទាំងស្រុង។

ចំពោះមូលហេតុ នៃគ្រោះថ្នាក់ខាងលើ បើតាមលោកចក់ ឆ្លើយប្រាប់ប្រិយមិត្តរបស់លោកនៅលើបណ្ដាញសង្គម បណ្ដាលមកពីបែកកង់ ហើយរថយន្តបានក្រឡាប់១ត្រឡប់ រួចក៏បានផ្ទុះឆេះតែម្ដង។ អ្វីដែលគួរឲ្យស្រណោះ ម្ចាស់រថយន្តបានពោលដោយការសោកស្ដាយចំពោះរបស់ទ្រព្យដែលបាត់បង់ទៅ ព្រោះជាកម្លាំងញើសឈាមរបស់លោកប្រឹងប្រែងទាំងយប់ទាំងថ្ងៃ។ ឥឡូវស្រាប់តែត្រូវមកបង់ក្នុងហេតុការណ៍នឹកស្មានមិនដល់នេះ។

“ហេតុអ្វីរឿងបែបនេះកើតមកលើខ្ញុំចឹង កំលាំងញើសឈាមខ្ញុំខំធ្វើការទាំងយប់ទាំងថ្ងៃទម្រាំតែបានប៉ុណ្ណេះ ឥឡូវប្រែរលាយអស់មួយរំពេច”។ ប្រិយមិត្តស្គាល់លោកជាច្រើនបានចូលរួមសោកស្ដាយ និងលោកទឹកចិត្តលោក ចំពោះការខាតបាត់បង់ ដោយពួកគេលើកឡើងថា “ឲ្យតែជីវិតគង់ ទ្រព្យបង់អាចរកបានវិញទេ”។

នៅក្នុងចំណោមនោះ ក៏ឃើញមានលោក សុខ ជំនោរ អតីតអ្នកនិពន្ធរបស់ហង្សមាស ក៏បានចូលរួមលើកទឹកចិត្តលោកចក់ដែរ ក្នុងនោះ លោកថែមទាំងសង្ឃឹមថា មិត្តភ័ក្តិ ពិសេសតារាចម្រៀងដែលធ្លាប់ធ្វើការជាមួយលោក ចក់ ជួយឈឺឆ្អាលចំពោះគ្រោះថ្នាក់របស់អ្នកនិពន្ធបទភ្លេងនាគ្រានេះផង៕