ខេត្តសៀមរាប ៖ នៅថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០៩ និង៣០នាទីព្រឹក កម្លាំងនៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាបានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ថៃ ឆយឿន ពាក់ព័ន្ធនឹងបង្ហោះព័ត៌មានមិនពិត ករណីអ្នកព្រៃគុយមួយគ្រួសារឆ្លងវីរុសកូរ៉ូណា ( ហើយមានកូនគាត់រៀននៅសាលាស្វាយធំ។ សូមប្រុងប្រយ័ត្នទាំងអស់គ្នាផងណា ព្រោះពួកគាត់ មិនដឹងបានដើរចម្លងអ្នកណាខ្លះទេ… )
ក្រោយពីការបង្ហោះ សមត្ថកិច្ចបានចុះស្រាវជ្រាវរកមុខសញ្ញាអ្នកបំពុលព័ត៌មានមិនពិតក្នុងសង្គម រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ថៃ ឆយឿន ភេទស្រី រស់នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅវេលាម៉ោង០៩ព្រឹកថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២០។
តាមរយៈការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានបង្ហោះ និងចែកចាយព័ត៌មានមិនពិតនៅលើបណ្តាញសង្គមពិតប្រាកដមែន ក្នុងគោលបំណង ចង់ឲ្យអ្នកភូមិមានការការពារខ្លួន ដោយមិនបានដឹងថា ខ្លួនបានបង្ហោះនូវព័ត៌មានមិនពិតនោះទេ ដោយខ្លួនគាត់ផ្ទាល់បានស្តាប់ឮពីគេដោយមិនបានដឹងថា ព័ត៌មាននោះ ពិតឬមិនពិតនោះឡើយ។
ក្រោយពីសាកសួរចប់ សមត្ថកិច្ចបានអប់រំ ណែនាំ ហើយជនសង្ស័យក៏ទទួលស្គាល់នូវទោសកំហុស និងធ្វើកិច្ចសន្យា ព្រមទាំងមានការធានាពីបងថ្លៃមុនដោះលែងត្រឡប់ទៅផ្ទះវិញ៕