ថៃ ៖ ក្រសួងសុខាភិបាល នៃរដ្ឋាភិបាលថៃបានធ្វើការប្រកាសនៅថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ នេះថា បានរកឃើញករណីឆ្លងថ្មី នៃជំងឺ COVID-19 ចំនួន១២២នាក់បន្ថែមទៀត ជាហេតុធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសថៃកើនដល់៧២១ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ នេះ។
ទីភ្នាក់ងារព័ត៌មាន Reuters បានធ្វើការដកស្រង់សំដីអ្នកនាំពាក្យក្រសួងសុខាភិបាល នៃរដ្ឋាភិបាលថៃ លោក ថាវីស៊ីន វីសានុយោធិន (Taweesin Wisanuyothin) ដែលបានបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះ មានអ្នកឆ្លង២០នាក់ មានការជាប់ពាក់ព័ន្ធទៅនឹងករណីឆ្លងមុនៗ និង១០នាក់ផ្សេងទៀត នាំចូលពីបរទេស។ ហើយ៩២នាក់ទៀត ត្រូវបានធ្វើតេស្ដលទ្ធផលវិជ្ជមាននៅក្នុងប្រទេស និងកំពុងរង់ចាំដើម្បីធ្វើការស៊ើបអង្កេតថា តើពួកគេឆ្លង COVID-19 ដោយរបៀបណា។
បច្ចុប្បន្នប្រទេសថៃ មាន១នាក់បានស្លាប់ក្រោយការឆ្លងជំងឺ COVID-19 ចំណែក៥២នាក់ទៀតជាសះស្បើយ និង៦៦៨នាក់ កំពុងបន្តស្នាក់នៅព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយ៕