ឯកអគ្គរដ្ឋទូតទីម័រឡេស្តេ ប្រចាំកម្ពុជា ជួបសម្តែងការគួរសម និងជូនសារតាំងដល់សម្តេចប្រមុខរដ្ឋស្តីទី

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ បានអនុញ្ញាតឱ្យលោក Ermenegildo “Kupa” Lopes ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជូនសារតាំង និងសម្តែងការគួរសមនៅវិមានព្រឹទ្ធសភា។

គួរជម្រាបថា សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ (Democratic Republic of East Timor) ជាដែនកោះមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលទើបផ្តាច់ខ្លួនពីប្រទេសឥណ្ឌូណេស៊ី នៅឆ្នាំ១៩៩៩ និងប្រកាសខ្លួនជារដ្ឋអធិបតេយ្យពេញលេញនៅខែឧសភា ឆ្នាំ២០០២។ កម្ពុជាបានបង្កើនទំនាក់ទំនងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសទីម័រឡេស្តេ (Timor Leste)តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ កាលពីឆ្នាំ២០១៦៕