លោក ខេន លូ អគ្គលេខាធិការ GMAC បានបញ្ជាក់ថា បច្ចុប្បន្នសមាគម (GMAC) កំពុងធ្វើការងារជិតដិតជាមួយសម្ព័ន្ធសម្លៀកបំពាក់ម៉ាកល្បីៗនៅអឺរ៉ុប (EBCA) ជុំវិញការស្នើសុំទៅសហភាពអឺរ៉ុប (EU) ពាក់ព័ន្ធការដកប្រព័ន្ធអនុគ្រោះពន្ធពីប្រទេសកម្ពុជា ដោយសារតែការរីករាលដាលកូវីដ ១៩ បានប៉ះពាល់យ៉ាងខ្លាំងដល់វិស័យឧស្សាហកម្មកាត់ដេរ។ លោកថ្លែងថា «យើងកំពុងសហការសម្របសម្រួលជាមួយ EBCA ជុំវិញការស្នើសុំទៅ EU ហើយសង្ឃឹមថា EU នឹងពិចារណា និងយល់ព្រមចំពោះការស្នើនេះ។
គួររំលឹកថា កាលពីថ្ងៃទី ១២ ខែកុម្ភៈ គណៈកម្មការអឺរ៉ុបបានសម្រេចដកមួយផ្នែកនៃប្រព័ន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ពីកម្ពុជា ដែលការសម្រេចចិត្តនេះ នឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។
ក្រោយមក នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ សមាគមសម្លៀកបំពាក់ម៉ាកល្បីៗនៅអឺរ៉ុប (EBCA ) បានដាក់លិខិតមួយទៅសហភាពអឺរ៉ុប (EU) ដើម្បីស្នើសុំទៅលោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបឲ្យពន្យារពេលការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ពីប្រទេសកម្ពុជា ដោយលើកឡើងថា ការរីករាលដាលជំងឺកូវីដ ១៩ កំពុងបង្កឲ្យមានបញ្ហាប្រឈមដែលមិនធ្លាប់មាននៅពាសពេញពិភពលោក រួមទាំងកម្ពុជាផងដែរ។
សូមបញ្ជា្កក់ថា ការនាំចេញសរុបរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុប (EU) បានកើនឡើង ៥,៤ ពាន់លានអឺរ៉ូ កាលពីឆ្នាំ២០១៨។ ក្នុងនោះចំនួន ៩៥,៧ ភាគរយ ឬ ៥,២ ពាន់លានអឺរ៉ូ ក្នុងចំណោម ៥,៤ ពាន់លានអឺរ៉ូ ចូលទៅទីផ្សារ EU ស្ថិតក្រោមប្រព័ន្ធអនុគ្រោះពន្ធ(EBA)៕