ក្រសួងអប់រំ និងក្រសួងព័ត៌មាន បានត្រៀមរួចរាល់នូវការចាក់ផ្សាយកម្មវិធីការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ដែលនឹងចាប់ផ្តើមពីថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០ នេះតទៅ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ដោយភាពជោគជ័យនេះកើតចេញពីកម្លាំងរួមគ្នាបំពេញភារកិច្ចរវាងក្រុមជំនាញក្រសួងព័ត៌មាន តេជោឌីធីវី ជាមួយក្រុមជំនាញក្រសួងអប់រំ យុវជន និងកីឡា លើកិច្ចសហប្រតិបត្តិការកម្មវិធីខាងលើ។នេះបើយោងតាមការបញ្ជាក់ពី ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។
អ្នកនាំពាក្យក្រសួងអប់រំ បានឲ្យដឹងថា មុនដំណើរការកម្មវិធីចាក់ផ្សាយនាថ្ងៃស្អែកនេះ ក្រុមការងារបច្ចេកទេសអន្តរក្រសួងបានរៀបចំកិច្ចប្រជុំពិភាក្សាការងារក្រោមការដឹកនាំដោយឯកឧត្ដម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីពិនិត្សម្រេចលើចំណុចសំខាន់ៗ ដែលត្រូវចាក់ផ្សាយចេញពីបន្ទប់ស្ទូឌីយោនៃទូរទស្សន៍តេជោឌីធីវី ដើម្បីធានាបានថា ការចាក់ផ្សាយនឹងដំណើរទៅដោយភាពរលូន សម្រាប់បម្រើដល់តម្រូវការនិងការសិក្សារបស់សិស្សានុសិស្សពីចម្ងាយទទួលបានគុណភាព៕