មានពលករខ្មែរជាង ៨,៥ម៉ឺននាក់បានវិលត្រឡប់មកកាន់កម្ពុជាវិញដោយសារវិបត្តិកូវីដ១៩

ភ្នំពេញ ៖ មកទល់ពេលនេះ យ៉ាងហោចណាស់ក៏មានពលករចំណាកស្រុកប្រមាណជាង ៨ម៉ឺន ៥ពាន់នាក់ បានវិលត្រឡប់មកកាន់កម្ពុជាវិញពីបណ្តាប្រទេសនានា ជាពិសេសពីប្រទេសថៃ ដោយសារវិបត្តិកូវីដ១៩ ហើយដែលពួកគេកំពុងស្ថិតនៅរាយប៉ាយតាមបណ្តារាជធានី ខេត្ត ទូទាំងប្រទេសកម្ពុជា ដែលពលករទាំង នោះមួយចំនួន គឺមិនមានលទ្ធភាពក្នុងការផ្គត់ផ្គង់ជីវភាពខ្លួនឯងសម្រាប់រយៈពេលវែងបាននោះទេ ហើយ ជាទូទៅពួកគាត់តែងតែងចង់ត្រឡប់ទៅប្រទេសគេវិញ ដើម្បីធ្វើការងារ និងបានប្រាក់ចំណូល តែសម្រាប់ ស្ថានភាពបច្ចុប្បន្ននេះ យើងមិនអាចអនុញ្ញាតឱ្យពួកគាត់ចេញចូល ឬឆ្លងកាត់ព្រំដែនបានឡើយ ព្រោះថា ថៃក៏បានបិទព្រំដែន ហើយថៃក៏មានបញ្ហាកូវីដធ្ងន់ធ្ងរនៅឡើយ ជាពិសេសថៃបានដាក់ប្រទេសរបស់គេឱ្យ ស្ថិតក្នុងគ្រាអាសន្នថែមទៀតផង ដូច្នេះហើយកម្មករចំណាកស្រុករបស់យើងមិនទាន់អាចវិលត្រឡប់ទៅ វិញបានទេក្នុងពេលនេះឡើយ ដែលនេះគឺជាបញ្ហាដែលយើងត្រូវរួមគ្នារកដំណោះស្រាយ។

ខាងលើនេះ ជាការលើកឡើងរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្នុងឱកាសនៃការដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិនិត្យលទ្ធភាពក្នុងការឆ្លើយតប ទៅនឹងតម្រូវការរយៈពេលខ្លី មធ្យម និងវែង របស់ពលករចំណាកស្រុក ក្នុងស្ថានភាពរីករាលដាលនៃជំងឺ កូវីដ១៩ នាទីស្តីការក្រសួងមហាផ្ទៃ ព្រឹកថ្ងៃទី២២ មេសា ដែលមានការចូលរួមពីបណ្តាក្រសួង ស្ថាប័ន ពាក់ព័ន្ធ រួមទាំងតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជាផងដែរ។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា បញ្ហាខាងលើ វាមិនមែនលំបាកសម្រាប់តែបង ប្អូនពលករចំណាកស្រុកដែលបានវិលត្រឡប់មកកាន់មាតុប្រទេសវិញនោះទេ តែវាក៏ជាបញ្ហាសង្គមផង ដែរ ដែលនាំឱ្យរាជរដ្ឋាភិបាលបានចេញនូវវិធានការណ៍ និងគោលការណ៍ជាក់ស្តែងជាបន្តបន្ទាប់រួចមក ហើយដែរ ក្នុងនោះក្រសួងសុខាភិបាលគឺជាអ្នកនាំមុខក្នុងការទប់ស្កាត់ជំងឺនេះ។ ដោយឡែកក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ ក៏បានចេញនូវសេចក្តីសម្រេចជាបន្តបន្ទាប់ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចសង្គម មាន ន័យថា យន្តការនានាត្រូវបានរៀបចំឡើង និងបានដំណើរការមួយចំនួនធំរួចហើយ។

ដោយឡែកលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃមានប្រសាសន៍ថា ក្តីបារម្ភ ចំពោះជំងឺកូវីដ១៩ សម្រាប់ពិភពលោកទាំងមូលគឺគ្មានសញ្ញាអ្វីថា ថមថយនៅឡើយទេ ផ្ទុយទៅវិញយើង បារម្ភកាន់តែខ្លាំង ព្រោះវាកំពុងតែរាតត្បាតពាសពេញពិភពលោកទៅហើយ ហើយចំពោះបណ្តាប្រទេស ដែលមានពលករខ្មែរយើងទៅធ្វើការដូចជា ប្រទេសថៃ ម៉ាឡេស៊ី និងប្រទេសកូរ៉េខាងត្បូងជាដើម ក៏នៅពុំ មានសញ្ញាថមថយនៃការរាតត្បាតនៃជំងឺដ៏កាចសាហាវនេះនៅឡើយដែរ ដែលទន្ទឹមនឹងនេះចលនានៃការ វិលត្រឡប់របស់ពលរដ្ឋខ្មែរដែលជាពលករចំណាកស្រុកទាំងនោះមកកាន់គ្រួសារ និងសហគមន៍ ជាពិ សេស ការឆ្លងកាត់ព្រំដែននៅតែបន្តមានជារៀងរាល់ថ្ងៃដោយហេតុថា ពួកគាត់មិនអាចរស់នៅក្នុងប្រទេស គោលដៅទាំងនោះ ដោយគ្មានការងារ មុខរបរ និងគ្មានប្រាក់ចំណូលបានទេ ដែលពួកគាត់ទាំងនោះ បានព្យាយាមរកគ្រប់មធ្យោបាយដើម្បីបានវិលត្រឡប់មកផ្ទះវិញ បើទោះបីជាមានបំរាម ឬក៏វិធានការណ៍ បិទច្រកព្រំដែនយ៉ាងណាក៏ដោយ ដោយគិតមកទល់នឹងថ្ងៃទី២១ មេសា ម្សិលមិញ ពោលគឺរយៈពេល ត្រឹមតែ ១ខែក្រោយពីយើងប្រកាសបិទព្រំដែន គឺមានពលករចំណាកស្រុកត្រឡប់វិញប្រមាណជាង ៨ម៉ឹន ៥ពាន់នាក់ ហើយពួកគាត់ទាំងនោះកំពុងរស់នៅរាយប៉ាយនៅតាមបណ្តារាជធានី ខេត្ត ទូទាំងប្រទេស។

លោកជំទាវថា សម្រាប់ស្ថានពភាពបច្ចុប្បន្ន ប្រទេសគោលដៅ គឺមិនអំណោយពលសម្រាប់ពលករម្ចាស់ ស្រុក និងពលករចំណាកស្រុកដើម្បីរកប្រាក់ចំណូលឡើយ ដែលវាជាកត្តាជម្រុញឱ្យពលករចំណាកស្រុក ត្រូវតែបង្ខំចិត្តវិលមកស្រុកកំណើតវិញ ដែលការវិលត្រឡប់របស់ពួកគាត់យ៉ាងដូច្នេះ បានក្លាយជាបន្ទុក របស់គ្រួសារ ហើយព្រោះតែការអូសបន្លាយនៃជំងឺកូវីដ១៩នេះ នឹងអាចក្លាយទៅជារឿងអសន្តិសុខសង្គម ថែមទៀតផង៕