ខេត្តតាកែវ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈពេលជនសង្ស័យនឹងជនរងគ្រោះជាបងប្អូនថ្លៃ ហើយពេលកំពុងផឹកស៊ីក៏ទាស់ពាក្យសំដី រហូតដល់ប្អូនថ្លៃយកកាំបិតកាប់ទៅលើបងថ្លៃជាច្រើនកាំបិត បណ្តាលឲ្យស្លាប់នៅក្នុងថ្លុកឈាម។ ក្រោយពេលកើតហេតុជនសង្ស័យបានរត់គេចខ្លួនបាត់។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃ២៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង២០ និង១៥នាទីយប់ ស្ថិតក្នុងភូមិតាស្រែន ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។
នគរបាលស្រុកទ្រាំងបានឲ្យដឹងថា ករណីឃាតកម្មនេះ គឺបង្កឡើងដោយជនសង្ស័យឈ្មោះ យន់ រង្សី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបបរធ្វើស្រែ រស់នៅភូមិឃុំកើតហេតុ (ត្រូវជាប្អូនថ្លៃ) បានយកកាំបិតបុ័ងតោកាប់ជាច្រើនកាំបិតទៅលើជនរងគ្រោះជាបងថ្លៃ ឈ្មោះ សោ វុទ្ធី ភេទប្រុស អាយុ៥៣ឆ្នាំ ចំនួន៧កាំបិតបណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាមជនរងគ្រោះមានមុខរបបរធ្វើស្រែរស់នៅភូមិជាមួយគ្នា។
តាមមន្ត្រីនគរបាលស្រុកបានអោយដឹងទៀតថាមុនពេលកើតហេតុ បុរសដែលជាជាសាច់ថ្លៃចំនួន៤នាក់(ប្រពន្ធៗជាបងប្អូនបង្កើតនឹងគ្នា) បានអង្គុយផឹកស៊ីជាមួយគ្នានឹងបាននិយាយជជែកគ្នាជាធម្មតាស្រាប់តែជនរងគ្រោះជាបងថ្លៃនិយាយលេងសើចទៅកាន់ជនសង្ស័យជាប្អូនថ្លៃថានៅតែផ្ទះដើរស៊ីផឹកមិនគិតរកស៊ីចឹញ្ចឹមប្រពន្ធកូនទេ។
ប្រភពបន្តថា ភ្លាមៗនោះជនសង្ស័យជាប្អូនថ្លៃបានស្ទុះយកកាំបិតបុ័ងតោកាប់ជាច្រើនកាំបិត ទៅលើបងថ្លៃរបស់ខ្លួនស្លាប់ក្នុងថ្លុកឈាមហើយក្រុមគ្រួសារបងថ្លៃនេះមិនបានរាយការណ៍មកដល់កំលាំងនគរបាលភ្លាមៗនោះទេគឺទុករហូតព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ទើបមកប្តឹងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំខ្វាវនេះជាការរៀបចំ ដើម្បីទុកពេលអោយជនសង្ស័យដើម្បីរត់គេចខ្លួនតែប៉ុណ្ណោះ។ មន្ត្រីនគរបាលស្រុកបានបញ្ជាក់ថា កំលាំងជំនាញ សហការដើម្បីស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យដែលជាប្អូនថ្លៃយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់អោយទាល់តែបាន៕