ភ្នំពេញ ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានឱ្យដឹងថា រោងចក្រចំនួន ១៨០ បានព្យួរប្រតិបត្តិការរបស់ខ្លួន ហើយរោងចក្រចំនួន ៦០បន្ថែមទៀតនឹងឈានទៅរកការព្យួរផងដែរ ដែលកំពុងប៉ះពាល់ដល់កម្មករជាង១៥ម៉ឺននាក់ដែលត្រូវបានព្យួរការងារជាបណ្តោះអាសន្ន។
លើសពីនេះ កម្មករជិត ២០ម៉ឺននាក់ទៀត នឹងត្រូវព្យួរការងារនាពេលខាងមុខឆាប់ៗនេះ ដែលនឹងប៉ះពាល់ដល់សមាជិកគ្រួសារប្រមាណ ២លាននាក់ដែលពឹងផ្អែកលើពួកគេទៀតផង។ នេះបើតាមលិខិតរបស់ GMAC ចុះកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ស្តីពីការអំពាវនាវដល់អ្នកបញ្ជាទិញដល់អ្នកបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរពីកម្ពុជា។
GMAC លើកឡើងថា៖ «យើងយល់អំពីភាពលំបាកដែលអ្នកបញ្ជាទិញកំពុងប្រឈមមុខ ប៉ុន្តែយើងពិតជាអំពាវនាវយ៉ាងខ្លាំងទៅអ្នកបញ្ជាទិញទាំងអស់មេត្តាគោរពតាមលក្ខខណ្ឌទូទាត់ប្រាក់សម្រាប់ទំនិញដែលបានទទួលរួចហើយ និង/ឬដែលកំពុងដឹកទៅឱ្យអ្នកបញ្ជាទិញ។ រោងចក្រនៅកម្ពុជា កំពុងរងគ្រោះរួចហើយពីការលុបចោលការបញ្ជាទិញជាច្រើន និងការគ្មានបញ្ជាទិញថ្មីៗ ហើយមិនអាចទ្រាំទ្រនឹងការមិនទូទាត់ប្រាក់នោះទេ»៕
សូមអានបន្ថែមក្នុងលិខិតខាងក្រោម ៖