ភ្នំពេញ ៖ ទោះបីស្ថានភាពកូវីដនៅតែចោទជាបញ្ហា នៅក្នុងដំណាក់កាលជំងឺកូវីដ១៩ នៅតែចោទជាបញ្ហា សម្រាប់ចរន្តសេដ្ឋកិច្ច និងការវិនិយោគ នៅក្នុងប្រទេសកម្ពុជា និងបណ្ដាប្រទេសជាច្រើននៅលើពិភពលោកនេះក្ដី ក៏កម្ពុជានៅតែទទួលបាននូវការស្នើសុំវិនិយោគជាបន្តបន្ទាប់ពីអ្នកវិនិយោគក្នុងនិងក្រៅ ប្រទេស ។
យោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអោយដឹងថា កម្ពុជានៅតែបន្តចេញវិញ្ញាបនបត្រចុះបញ្ជីជូនក្រុមហ៊ុនវិនិយោគជាបន្តបន្ទាប់ដែលមានបំណងវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាក់ស្ដែងនៅគេហទំព័របស់ក្រុមប្រឹក្សាភិបាលកម្ពុជា បានបង្ហាញពីក្រុមហ៊ុនបីទទួលការចុះបញ្ជីជាស្ថាពរ ដែលមានទឹកប្រាក់វិនិយោគសរុបប្រមាណជិត ៨លានដុល្លារអាមេរិក និងផ្ដល់ការងារប្រមាណ ជាង២ពាន់កន្លែង ។
ក្រុមហ៊ុនចំនួនដែលទទួលបានការចុះបញ្ជីពីក្រុមប្រឹក្សាភិបាលកម្ពុជា រួមមាន គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៧៤កន្លែង។ ទី២ គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទ័ពបោះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥០១កន្លែង និងទី៣ ជាគម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០២២កន្លែង ។
បើតាមអ្នកនាំពាក្យក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ ឯកឧត្តមហេង សុខគង់ បានថ្លែងនៅពេលកន្លងមកថា បើទោះបីជាកម្ពុជាបានជួបប្រទះ នូវការរាលនៃ ជំងឺកូវីដ១៩ក្ដី តែរោងចក្រស្នើសុំបើកថ្មីប្រមាណជាង៨០រោងចក្រនិងមានរោងចក្រតិចតួចប៉ុណ្ណោះស្នើសុំបិទ ។ តែបើតាមរបាយការណ៍ពីសមាគមរោងចក្រកាត់ដេរនិងសម្លៀកបំពាក់វិញ មានរោងចក្រប្រមាណ១៨០រោងចក្រហើយបានស្នើសុំព្យួរការងារ និង៦០ទៀតកំពុងប្រឈមនឹងការព្យួរការងារ៕