៦ថ្ងៃជាប់គ្នានៅភ្នំពេញគ្មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ និងឃាត់យានយន្តល្មើសច្បាប់សរុប ៥.២៨១គ្រឿង

ភ្នំពេញ ៖ យុទ្ធនាការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោករយៈពេល០៦ថ្ងៃ ពីសំណាក់កម្លាំងនគរបាលសេចក្តីរាយការណ៍ពីការិយាល័យនគរបាលចរាចរណ៍ រាជធានីភ្នំពេញ ឱ្យដឹងថា គ្មានមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នោះឡើយមានតែអ្នកទទួលរងរបួសប៉ុណ្ណោះ។

រាជធានីភ្នំពេញ មុននឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកត្រូវបានអ្នកជំនាញប៉ាន់ប្រមាណថា ក្នុង០១ថ្ងៃគិតជាមធ្យមគ្រោះថ្នាក់ចរាចរណ៍បណ្តាលមនុស្សស្លាប់ម្នាក់។ក្នុងអំឡុងពេលរឹតបន្តឹងច្បាប់ចរាចរណ៍០៦ថ្ងៃ ចំនួនបទល្មើសគ្រោះថ្នាក់ចរាចរណ៍ក៏មានការថយចុះផងដែរ។

លទ្ធផលកិច្ចប្រតិបត្តិការនៃយុទ្ធនាការចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចបានឃាត់យានយន្តល្មើសច្បាប់សរុប ៥,២៨១គ្រឿង ក្នុងនោះម៉ូតូ ៤,៤៩០គ្រឿង, រថយន្តតូចធំ ៧៩១គ្រឿង ដើម្បីអនុវត្តតាមអនុក្រឹត្យលេខ៣៩ ស្តីពីការផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោក។ ក្នុងពេលវេលានៃយុទ្ធនាការរឹតបន្តឹងច្បាប់ចររាចរណ៍ផ្លូវគោកនៅក្នុងរាជធានីភ្នំពេញនោះផងទៀត មនុស្សប្រុសស្រី០៣នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាផែនការងារសន្តិសុខ ក៏ត្រូវបានឃាត់ខ្លួន និងអប់រំឱ្យដោយឱ្យធ្វើកិច្ចសន្យាបញ្ឈប់កម្មភាព ហើយឱ្យត្រឡប់ទៅផ្ទះវិញ។

ក្រោយពីពួកគេទាំង០៣នាក់នោះ បានបង្ហោះតាមហ្វេសប៊ុកព័ត៌មានមិនពិតរឿងចាស់, បង្ហោះរូបភាពវីដេអូការប្រមាថ និងចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់ធ្វើឱ្យមហាជនមានការភាន់ច្រឡំ បង្កឱ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរមកលើសមត្ថកិច្ចអនុវត្តច្បាប់ដែលបានបំពេញភារកិច្ចត្រឹមត្រូវអនុវត្តតាមគោលការណ៍ច្បាប់ បទបញ្ជា និងគោរពវិជ្ជាជីវៈនគរបាលជាតិ។ សំដៅការអនុវត្តច្បាប់ចរាចរណ៍ឱ្យមានប្រសិទ្ធភាព តម្លាភាព និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ នាំមកនូវសុវត្ថិភាព អាយុជីវិត ទ្រព្យសម្បត្តិប្រជាពលរដ្ឋអ្នក់ប្រើប្រាស់ផ្លូវថ្នល់ទូទៅ។

គ្រាដែលគេមើលឃើញថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សស្លាប់ជារៀងរាល់ថ្ងៃ រាជធានីភ្នំពេញ នៅឆ្នាំ២០១៩កន្លងទៅនេះ មានអ្នកស្លាប់ចំនួន ៣៣៨នាក់ អ្នករងរបួសធ្ងន់ និងស្រាល ១,៧៣២នាក់ មូលហេតុដោយការបើកបរបំពានច្បាប់ចរាចរណ៍ផ្លូវគោក។

ទន្ទឹមដែលការចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនោះផងដែរ គឺមានមនុស្សមួយចំនួនមិនពេញចិត្តហើយរិះគន់ទៅលើការអនុវត្តច្បាប់ដោយមិនបានយល់អំពីសារៈសំខាន់នៃការអនុវត្តច្បាប់ក្នុងការធានា ស្ថិរភាព សុវត្ថិភាព អាយុជីវិត និងទ្យព្យសម្បត្តិ។ ដោយឡែកការអនុវត្តច្បាប់ចរាចរណ៍នោះ ក៏ត្រូវគេមើលឃើញថាមានប្រជាពលរដ្ឋជាច្រើនបានគាំទ្រនូវចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅកាត់បន្ថយអ្នកស្លាប់និងអ្នករងរបួស។

បើយោងតាមរបាយការណ៍របស់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងថា ប្រៀបធៀបក្នុងរយៈពេល០៥ថ្ងៃមុន ថ្ងៃអនុវត្តនិងអំឡុងពេលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងរាជធានីភ្នំពេញ បទល្មើសគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ០២លើក ថយអ្នកស្លាប់០៤នាក់ ចំណែកអ្នករងរបួសធ្ងន់និងស្រាល១៣នាក់ស្មើគ្នា។

ការថយចុះអ្នកស្លាប់ និងថយចុះបទល្មើសគ្រោះថ្នាក់ចរាចរណ៍បែបនោះ ត្រូវគេមើលឃើញថាប្រជាពលរដ្ឋភាគច្រើនកំពុងតែបាននឹងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកយ៉ាងខ្ជាប់ខ្ជួន។ ប៉ុន្តែមានប្រជាពលរដ្ឋមួយចំនួនតូចប៉ុណ្ណោះនៅតែបើកបរយានយន្តល្មើសច្បាប់ចរាចរណ៍។ ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោករយៈពេល០៦ថ្ងៃ នៅរាជធានីភ្នំពេញដំណើរការទៅបានរលូនអនុវត្តដោយតម្លាភាព ប្រសិទ្ធភាព និងគ្មានអំពើហិង្សាដែលបង្កការរាំងស្ទះដល់ការអនុវត្តច្បាប់នោះឡើយ៕