ក្រសួងអប់រំគ្រោងបើកទ្វារសាលារៀនឡើងវិញនៅថ្ងៃបវេសនកាល ក្នុងខែវិច្ឆិកា

ភ្នំពេញ ៖ លោក ហង់ជូន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំកម្ពុជា បាន​បញ្ជាក់ថា គ្រឹះស្ថាន​សិក្សា​គ្រប់​កម្រិត គ្រប់ប្រភេទ គួរ​បន្ត​ពន្យារ​ពេល​ក្នុង​ការ​បើក​ដំណើរ​ការ​ឡើងវិញ ដើម្បី​តាម​ដាន​ស្ថានភាព នៃជំងឺកូវីដ​១៩ កុំ​ឲ្យ​មាន​ការ​ឆ្លង​ក្នុង​សហគមន៍ ជាពិសេស​បង្ការ​រលកទី២។នេះបើយោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងអប់រំផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃនៃព្រះរាជាណាចក្រកម្ពុជា។

តែយ៉ាងណាក៏​ដោយ លោករដ្ឋមន្រ្តីបាន​បញ្ជាក់ថា ក្រសួងនឹងពិចារណា​បន្ថែមទៀត លើ​ការ​បើក​ដំណើរ​ការ​សាលា​រៀន​ឡើងវិញ​ឲ្យ​បាន​មុនថ្ងៃទី១ ខែវិច្ឆិកា ចុងឆ្នាំ​២០២០ នេះដែលជា​ថ្ងៃ​ចូល​បវេសនកាលឆ្នាំសិក្សា​ថ្មី។

នៅក្នុងលិខិតរបស់ក្រសួងអប់រំបានពន្យល់ថា ក្នុងស្ថានភាពដ៏ស្រួចស្រាល់នេះ ក្រសួងអប់រំ​ យល់ឃើញថា អាយុជីវិត សុខភាព សុវត្ថិភាព និង​សុខុមាល​ភាព​របស់​សិស្ស និស្សិត និងបុគ្គលិកអប់រំ​គ្រប់​លំដាប់ថ្នាក់ដែលមាន​ប្រមាណជាង ៣លាននាក់​នៅទូទាំង​ប្រទេស គឺជា​អាទិភាព​ចម្បង​ដែលត្រូវ​យកចិត្ត​ទុកដាក់​នៅ​ក្នុង​កំឡុង​ពេលនេះ។

លោក ហង់ជួន ណារ៉ុន បានលើកឡើងថា ការពន្យារពេល​បើក​ដំណើរ​ការ​សាលា​រៀន​ឡើងវិញ​នេះ គឺ​ផ្តោត​លើទិដ្ឋភាពបច្ចេកទេស និង​ទិដ្ឋភាពនយោបាយ, ហើយថា តាម​លក្ខណៈបច្ចេកទេស កម្ពុជា​នៅ​មិន​ទាន់​អាច​បើក​ដំណើរ​ការ​គ្រឹះស្ថាន​សិក្សា​បាន​វិញទេ ដោយ​លោក​បាន​លើក​ឡើងថា នៅ​ប្រទេស​បារាំង ការ​បើក​សាលា​ គឺសម្រាប់​កូនបុគ្គលិកពេទ្យ ​ចំពោះ​អ្នក​ផ្សេងឈរ​លើ​គោល​ការណ៍​ស្ម័គ្រ​ចិត្ត ហើយ​ក្នុង​ចំណោម​ប្រទេស ១៨៦លើពិភពលោកដែល​បាន​បិទ​សាលា មាន​តែ​ប្រទេស ៩ប៉ុណ្ណោះ​ដែលប្រកាស​បើក​សាលា​រៀន​ឡើងវិញ៕