គណៈរដ្ឋមន្ត្រីអនុម័តច្បាប់ប្រឆាំងការសម្អាតប្រាក់ ខណៈសហភាពអឺរ៉ុបដាក់កម្ពុជាក្នុងបញ្ជីខ្មៅ

ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកម៉ិញ នេះ បានអនុម័តទាំងស្រុងច្បាប់ ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

គួរកត់​សំគាល់​ថា ការ​អនុម័ត​សេចក្តី​​ព្រាង​ច្បាប់​នេះ បានធ្វើឡើងស្រប​ពេល​ដែល​គណៈកម្មការ​អឺរ៉ុប​​កាល​ពីសប្តាហ៍មុន​បាន​ស្នើ​ដាក់​ប្រទេស​កម្ពុជា និង​ប្រទេសចំនួន ១១​ទៀត​ទៅ​ក្នុង​«បញ្ជីខ្មៅ»​ដែល​សហភាពអឺរ៉ុប​បង្កើន​ការ​តាមដានខ្លាំងជាមុន បន្ទាប់ពី​កម្ពុជាស្ថិត​ក្នុងបញ្ជីពណ៌«ប្រផេះ»នៃការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម​នៅ​ឆ្នាំ​២០១៩។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ឲ្យដឹងថា កិច្ចប្រជុំ ពេញ អង្គគណៈ រដ្ឋមន្រ្តី បានសម្រេចអនុម័តទាំងស្រុង ដោយគ្មានការកែប្រែលើសេចក្ដី ព្រាង ច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

បើតាមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី កិច្ចការប្រឹងប្រែងធ្វើច្បាប់ទាំងពីរនេះគឺមិន មែន បំពេញចិត្តអង្គភាពណានោះទេ គឺជាការប្រឹងប្រែងរបស់រដ្ឋាភិបាល និងធនាគារជាតិដែល ត្រូវកែលម្អច្បាប់ទាំងពីរនេះ ដែលកម្ពុជាបានអនុវត្តទៅលើ លក្ខខ័ណជាសមាជិករបស់ ក្រុមប្រទេស អាស៊ីប៉ាស៊ីហ្វិច ស្តីពីការសម្អាតប្រាក់។ គួរកត់សំគាល់ថា ប្រទេសកម្ពុជា បានរៀបចំក្របខណ្ឌគតិយុត្ត ដោយបានដាក់ឱ្យប្រើប្រាស់ច្បាប់ស្ដីពី ការប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៅថ្ងៃទី២៤ មិថុនា ឆ្នាំ២០០៧ និងបានបង្កើតយន្ត ការអនុវត្តច្បាប់ដូចជា៖ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាជាដើម។

ក្នុងឆ្នាំ២០០៧ នោះដែរ APG បានចុះមកវាយតម្លៃ និងបានពិនិត្យឃើញថា ក្របខណ្ឌគតិ យុត្ត របស់កម្ពុជា នៅមានចំណុចខ្វះខាត មិនទាន់ស្រប តាមស្ដង់ដារ និងការវិវត្តថ្មីៗ ពាក់ព័ន្ធនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលតម្រូវឱ្យរៀបចំគតិយុត្ត និង ស្ថាប័ន។ ក្នុងឆ្នាំ២០១១ ក្រុមការងារហិរញ្ញវត្ថុ FATF បានបញ្ចូលកម្ពុជាទៅក្នុងបញ្ជីប្រផេះ ជាលើកទី១ ហើយតម្រូវឱ្យយើងធ្វើវិសោធនកម្មច្បាប់ ស្ដីពីការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

វិសោធនកម្មច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ចំនួន ៣ មាត្រា ក្នុងនោះទី១ បំពេញបន្ថែមនិយមន័យនៅក្នុងមាត្រា៣ ដើម្បីឱ្យកាន់តែមានភាព ច្បាស់ លាស់ ស្របតាមសភាពការណ៍ថ្មី ទី២ បំពេញបន្ថែមមាត្រា២៩ដើម្បីបន្ថែមការដាក់ ទោស ពោលគឺបន្ថែមមាត្រាចំនួន៧ ថែមទៀត និងទី៣ បំពេញបន្ថែមមាត្រា៣០ដែលបាន បន្ថែមមាត្រាចំនួន៥ ដើម្បីចែងពីការបង្កក ការឃាត់ទុក និងការរឹបអូស។ បន្ទាប់ពីបាន អនុម័ត ច្បាប់នេះ និងបំពេញការងារមួយចំនួនទៀតរួច FATF ក៏បានដកប្រទេសកម្ពុជា ចេញពីបញ្ជីប្រផេះនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៥។

ភាពខ្វះចន្លោះជាយុទ្ធសាស្រ្តមួយចំនួនរបស់កម្ពុជា ជាមូលហេតុដាក់ប្រទេសកម្ពុជា ចូល ទៅក្នុងបញ្ជីប្រផេះ ជាលើកទីពីរ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ជាលទ្ធផល FATF បានកំណត់ផែនការសកម្មភាពមួយដែលមាន១៤ចំណុច។

ចំពោះច្បាប់ដែលត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តនៅថ្ងៃនេះ មានគោលបំណងធានាប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អំពីវិធានការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្រ្កាប និងលុបបំបាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងមាន វិសាល ភាពអនុវត្តចំពោះរាល់សកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៅក្នុង ព្រះរាជាណាចក្រកម្ពុជា៕